ឡានអគ្គិសនី Toyota bZ3 សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota bZ3 ​ជា​ម៉ូដែល​ទី​ ២ ​ក្នុង​ត្រកូល​ម៉ូដែល​អគ្គិសនី​ថ្មី​របស់​ម៉ាក ដែលជាការសហការជាមួយក្រុមហ៊ុន BYD និង FAW Toyota នៅក្នុងទីផ្សារប្រទេសចិន។

Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ​ម.ម។ BZ3 ដែលជាម៉ូដែលថ្មីមួយនៃត្រកូល Toyota bZ Series ដែលភ្ជាប់មកជាមួយការរចនាដ៏អស្ចារ្យ ដោយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខប្រភេទ LED រាងស្លីម និងរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលបន្ថែមរូបរាងកាន់តែស៊ីវីល័យ និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងរថយន្តអគ្គិសនីមានបំពាក់នៅប្រព័ន្ធ Digital Island របស់ Toyota ដែលជាអេក្រង់បញ្ឈរទំហំធំ ភ្ជាប់មុខងារ HVAC, ស្តេរ៉េអូ, និងមុខងារបើកឃ្លុបក្រោយ និងកុងទ័រព័ត៌មានឌីជីថលដែលមានទំហំតូចជាដើម។

រថយន្តអគ្គិសនី Toyota bZ3 នឹង​មាន​សមត្ថភាព​ក្នុងការបើកបរបាន​ចម្ងាយ​ជាង ៦០០ គីឡូម៉ែត្រ ដោយ​ផ្អែក​លើ​ការធ្វើតេស្តសាកល្បង​ China Light-Duty Vehicle Test Cycle ​របស់​ប្រទេស​ចិន។ ក្នុងនោះ BYD នឹងផ្គត់ផ្គង់អាគុយលីចូមផូស្វាតរបស់ម៉ូដែល ខណៈទំហំរបស់អាគុយនៅមិនទាន់បង្ហាញនៅឡើយទេ។

ជាមួយគ្នានេះ Toyota មិនទាន់​បាន​បញ្ជាក់​ពី​​ថាមពល​របស់​ម៉ូដែល​នេះ​ទេ ប៉ុន្តែ បើយោងតាមព័ត៌មានមុននេះពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន នឹងមានជម្រើសថាមពល ១៧៨ សេះ និង ២៣៨ សេះ ជាជម្រើសផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុន FAW Toyota នឹងផលិតរថយន្ត bZ3 នៅក្នុងប្រទេសចិន ហើយនឹងលក់រថយន្តនេះនៅក្រុមហ៊ុនចែកចាយរបស់ខ្លួននៅទីនោះ។ យោងតាមរបាយការណ៍ក្នុងខែកញ្ញា ក្រុមហ៊ុន Toyota នឹងអាចលក់រថយន្តអគ្គិសនីនៅអឺរ៉ុបចាប់ពីដើមឆ្នាំ ២០២៤ ។ សម្រាប់អំពីវត្តមាននៅក្នុងសហរដ្ឋអាមេរិកមិនទាន់មានព័ត៌មានណាមួយបង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម