[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត VinFast VF7 ដែលផ្តល់ជូននៅជម្រើស ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៥ ២០៤ ដុល្លារ ដល់ ៤១ ៣៧៥ ដុល្លារនៅទីផ្សាររបស់ខ្លួន ព្រមទាំងទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ ។
VinFast VF7 មានប្រវែងតួខ្លួនសរុប ៤ ៥៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤០ ម.ម ។ VinFast VF 7 ត្រូវបានឌីស្សាញឡើងដោយក្រុមឌីស្សាញរបស់ប្រទេសអ៊ីតាលី ដោយមានបំពាក់ប៉ាណាបិទជិតជាមួយចង្កៀងមុខ-ក្រោយ LED អូសកាត់វែងមានឡូហ្គោអក្សរ V នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។ បន្ថែមពីនេះ ក៏មានប្រព័ន្ធសុវត្ថិភាពបញ្ចូលនៅមុខងារជាច្រើនដូចជា ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពីផ្នែកចំហៀង មុខ-ក្រោយ និងប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មនបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារសំខាន់ៗជាច្រើនទៀត ។ លើសពីនេះ ក៏មានអេក្រង់បង្ហាញលើកញ្ចក់ និងកញ្ចក់ប្រភេទ Panoramic glass ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមុខងារបញ្ជាដោយសំឡេងជាភាណាវៀតណាមទៀតផង ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ មានជម្រើស ២ សម្រាប់ជ្រើសរើសរួមមាន៖
- បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៧៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តងប្រភេទបើកបរប៉ុង ២ ៕