ឡានអគ្គិសនី Volvo EM90 ប្រភេទ MPV សាកភ្លើងម្តងជិះបាន ៧៣៨ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Volvo EM90 ប្រភេទ MPV ប្រើអគ្គិសនីសុទ្ធ ដែលផ្តោតលើភាពប្រណិត និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ជាមួយតម្លៃលក់ចាប់ពី ១១២ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់រថយន្ត Minivan ដំបូង​របស់ Volvo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform មានប្រវែងតួខ្លួនសរុប ៥ ២០៦ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៥៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៤៨ ម.ម។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា Galaxy dynamic grille ជាប់សងខាងចង្កៀងមុខ Matrix LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ ទ្វាចំហៀងប្រភេទរូតអូតូ និងចង្កៀងក្រោយ LED រាងជាអក្សរ T-shaped។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយសេនស័រចំនួន ៣០ ទីតាំង កាម៉េរាមួយជុំរថយន្តចំនួន ៨ ទីតាំង ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរបើកបរកម្រិតទី ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីដលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារសំខាន់ៗ ព្រមទាំងអេក្រង់ទំហំ ១៥,៦ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយ និងកៅអីស្បែកទាំង ៣ ជួរ។ លក្ខណៈពិសេសផ្សេងទៀតដូចជា ឧបករណ៍បំពងសំឡេងម៉ាក Bower & Wilkins ២១ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ៣ តំបន់ និងដំបូលកញ្ចក់ Panoramic ចំនួន ២ ព្រមទាំងកញ្ចក់កាត់សំឡេងរំខានពីផ្នែកខាងក្រៅបានយ៉ាងប្រសើរផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម