[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើប្រកាសថារថយន្ត ID.4 Pro ស៊េរីឆ្នាំ២០២២ មានចម្ងាយប៉ាន់ស្មានចេញពីស្ថាប័ន EPA ៤៥០ គីឡូម៉ែត្រ ដោយមានចម្ងាយ ៣២ គីឡូម៉ែត្រ ច្រើនជាងម៉ូដែល ២០២១ ។
ក្នុងនោះ ម៉ូដែល ID.4 Pro S ប្រភេទ RWD មានចម្ងាយប៉ាន់ស្មាន ៤៣១ គីឡូម៉ែត្រ ខណៈពេលដែលពីមុនមានចម្ងាយ ៤០២ គីឡូម៉ែត្រ។ ជាមួយគ្នានេះ ម៉ូដែល AWD ID.4 Pro មានចម្ងាយប៉ាន់ស្មាន ៤០៣ គីឡូម៉ែត្រ ហើយម៉ូដែល ID.4 Pro S ប្រភេទ AWD អាចធ្វើដំណើរបាន ៣៩៥ គីឡូម៉ែត្រក្នុងពេលសាកថ្មម្តង។
ទន្ទឹមនឹងនេះ រថយន្ត ID.4 នៅតែទទួលបានថាមពលអាគុយ ៧៧ គីឡូវ៉ាត់ម៉ោង មានកម្លាំង ២០១ សេះ ផ្គួបជាមួយម៉ូទ័រនៅខាងក្រោយសម្រាប់ម៉ូដែល RWD និងម៉ូទ័រនៅប៉ុងនីមួយៗដែលរួមបញ្ចូលគ្នាដើម្បីបង្កើតកម្លាំង ២៩៥ សេះ សម្រាប់ម៉ូដែល AWD ។
ជាមួយគ្នានេះ ក្រុមហ៊ុន Volkswagen និយាយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំងសាកល្បឿនលឿនរបស់ ID.4 ពី ១២៥ គីឡូវ៉ាត់ ទៅ ១៣៥ គីឡូវ៉ាត់ សម្រាប់ម៉ូដែលឆ្នាំ ២០២២ ។ ក្រុមហ៊ុនមិនបាននិយាយថារំពឹងថានឹងសន្សំពេលវេលាប៉ុន្មាននោះទេ ប៉ុន្តែការសាកថ្ម ៣០ នាទីដំបូងនឹងមិនគិតថ្លៃសម្រាប់រយៈពេលពីរឆ្នាំដំបូងនៃភាពជាម្ចាស់នៅស្ថានីយ៍សាក Electrify America ។ ម៉ូដែលនេះក៏នឹងទទួលបានមុខងារ Plug and Charge នៅចុងឆ្នាំនេះ ដែលនឹងជួយសម្រួលបទពិសោធន៍នៃការសាកថ្មនៅស្ថានីយ៍សាក Electrify America ផងដែរ។
ចំពោះតម្លៃវិញ សម្រាប់ម៉ូដែល rear-wheel drive pro ២០២២ មានតម្លៃចាប់ផ្តើមពី ៤០ ៧៦០ ដុល្លារ មុនពេលរួមបញ្ជូលទឹកប្រាក់ជំនួយពីរដ្ឋាភិបាល ដែលមានតម្លៃ ៧៦៥ ដុល្លារ ថ្លៃជាងម៉ូដែល ២០២១។ ដោយឡែកម៉ូដែល ID.4 AWD Pro មានតម្លៃចាប់ផ្តើមពី ៤៤ ៤៤០ ដុល្លារ, ម៉ូដែល Pro S មានម្លៃចាប់ផ្តើម ៤៥ ៦៣៥ ដុល្លារ និងម៉ូដែល ID.4 AWD Pro S មានតម្លៃចាប់ផ្តើម ៤៨ ៤៩០ ដុល្លារ ជាមួយតម្លៃ ១ ១៩៥ ដុល្លារសម្រាប់ការដឹកជញ្ចូនសម្រាប់ម៉ូដែលទាំងអស់នេះ៕