
[បរទេស] បន្ទាប់ស្ថិតក្នុងគំរូជាយូរមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបង្ហាញចេញនៅរូបរាងរថយន្តអគ្គិសនីសុទ្ធ Nissan Leaf EV ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៦ មុនពេលដាក់បញ្ចេញជាផ្លូវការ Global Debut នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ។
Nissan Leaf EV ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMF-EV platform ដូចគ្នានៅនឹងម៉ូដែល Nissan Ariya ក្នុងនោះ Nissan បញ្ជាក់ថា រថយន្តនេះ អាចប្រើម៉ូទ័រអគ្គិសនីចំនួន ១ ជាមួយកញ្ចប់អាគុយ ដែលអាចផ្តល់ចម្ងាយនៃបើកបរបាន ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅវិញ ក្រុមអ្នកឌីស្សាញបានអះអាង រថយន្តនេះ ត្រូវបានឌីស្សាញឡើងផ្តោតសំខាន់ទៅលើប្រព័ន្ធលំហូខ្យល់ Aerodynamic បានល្អជាងម៉ូដែលរបស់ក្រុមហ៊ុមមុនៗ ហើយមិនមានប្លែកពីគំរូដែលបង្ហាញដែរ ដោយផ្នែកខាងមុខ មានគម្របឃ្លុបមុខរាងចោតចុះក្រោយ ជាមួយកាងរន្ធខ្យល់ទំហំធំ និងចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ទំហំ ១៩អ៉ីញជាដើម ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុននឹងធ្វើការបង្ហាញនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ៕