ឯកសារដែលក្រុមហ៊ុន Rivian បានដាក់ត្រៀមការដាក់លក់ភាគហ៊ុនជាសាធារណៈរបស់ខ្លួន បានបង្ហាញឲ្យឃើញថារថយន្ត R1T និងរថយន្ត R1S មានអ្នកកុម្ម៉ង់ទិញ ៤៨ ៣៩០គ្រឿងហើយ ដែលជាការកុម្ម៉ង់ទិញក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។
ឯកសារបានបង្ហាញផងដែរថា Rivian បានបាត់បង់ទឹកប្រាក់ ៤២៦លានដុល្លារ កាលពីឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុនបន្តបាត់បង់ទឹកប្រាក់ ១,០១ពាន់លានដុល្លារបន្ថែមទៀត ក្រោយពីក្រុមហ៊ុនបានបណ្ដាក់ទុនលើរោងចក្រផលិតនៅ Illinois ដើម្បីត្រៀមការផលិតរថយន្ត R1T និងរថយន្ត R1S។ នៅឆមាសដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុនបន្តបាត់បង់ទឹកប្រាក់ ៩៩៤លានដុល្លារបន្ថែមទៀតផងដែរ។
ទឹកប្រាក់មួយភាគធំដែលក្រុមហ៊ុនបានចំណាយ លើចំណាយទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយក្រុមហ៊ុនរំពឹងថានឹងត្រូវចំណាយសរុបប្រមាណ ៨ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ២០២៣ ខណៈដែលក្រុមហ៊ុនបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ស្ថានីយសាកភ្លើង, ការផលិតអាគុយ, ប្រតិបត្តិសេវាកម្ម, ការលក់រាយ និងការអភិវឌ្ឍន៍ Software ផងដែរ៕