ក្រុមហ៊ុនរថយន្តទើបតែបង្កើតថ្មីមួយ មានឈ្មោះថា Eadon Green បានដាក់បង្ហាញរថយន្តរបស់ខ្លួនម៉ូដែល Black Cuillin ដែលប្រើម៉ាស៊ីនចំណុះ ៦,០ លីត្រ ទំហំ ១២ ស៊ីឡាំង ដូចទៅនឹងរថយន្ត Rolls-Royce ដែរ។
Black Cuillin មានរូបរាងបែបបុរាណ គួបផ្សំជាមួយនឹងផ្នែកខាងក្នុងមានលក្ខណៈពិសេសបែបទាន់សម័យ។ ការរចនានេះ ត្រូវបានបំផុសគំនិតដោយការរចនានៃរថយន្ត Alfa Romeo 8C 2900 តាំងពីអំឡុងទសវត្សឆ្នាំ ១៩៣០ មកម្ល៉េះ។
រថយន្តស្ព័រកម្លាំង ៤៦០ សេះនេះ មានល្បឿនអតិបរិមាដល់ទៅ ២៧៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ Black Cuillan ត្រូវបានដាក់ឈ្មោះតាមជួរភ្នំ នៅលើកោះ Isle of Skye ដែលស្ថិតនៅឆ្នេរសមុទ្រប្រទេសស្កុតឡេន។
លោក Felix Eaton ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Eadon Green បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមិនមានគម្រោងផលិតរថយន្តនេះច្រើននោះទេ ដោយអាស្រ័យលើតម្រូវការប៉ុណ្ណោះ។
ប្រសិនបើតម្រូវការកើនឡើងដល់ចំនួនអតិបរមា ២៥ គ្រឿង នោះវានឹងមានតម្លៃប្រហែល ៧៦៩ ០០០ ដុល្លារក្នុងមួយគ្រឿង។ ផ្ទុយទៅវិញ ប្រសិនបើលក់ដាច់តែ ៥ គ្រឿង នោះវាអាចនឹងមានតម្លៃរហូតដល់ទៅ ១ ៣៩៩ ០០០ ដុល្លារ៕