Apple បានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ iPhone របស់ខ្លួនដែលនឹងបញ្ចេញឲ្យអ្នកប្រើប្រាស់បានប្រើជាផ្លូវការនៅអំឡុងពេលចុងឆ្នាំ។ ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មីគឺមានបន្ថែមនូវមុខងារពិសេសដែលអាចឲ្យគេដោះសោរថយន្ត និងបញ្ឆេះម៉ាស៊ីនរថយន្តដោយប្រើប្រាស់ iPhone។
ដើម្បីចាប់ផ្ដើម ម្ចាស់រថយន្តត្រូវភ្ជាប់ iPhone (ឬ Apple Watch) ជាមួយនឹងរថយន្តដែលគាំទ្រមុខងារថ្មី ដែលគេឲ្យឈ្មោះថា CarKey នេះ។ ពេលភ្ជាប់រួច ម្ចាស់រថយន្តនឹងត្រូវស្កេនមុខ ឬស្កេនម្រាមដៃដើម្បីដោះសោរថយន្ត ពេលដែលដើរទៅក្បែររថយន្ត។ ពួកគេក៏អាចរើសយក “Express Mode” ដើម្បីរំលងការស្កេននេះផងដែរ។ ពេលចូលដល់ក្នុងរថយន្ត ម្ចាស់រថយន្តអាចដាក់ iPhone ក្នុងហោប៉ៅ ហើយអាចបញ្ឆេះម៉ាស៊ីនរថយន្តបាន។
អ្នកប្រើប្រាស់ CarKey នេះ ក៏នឹងអាចចែករំលែកសោឌីជីថលជាមួយសមាជិកគ្រួសារ ឬមិត្តភ័ក្តិ តាមរយៈ iMessage ដោយម្ចាស់រថយន្តអាចធ្វើការរឹតត្បិតលើចំណុចមួយចំនួនដូចជាកំណត់ល្បឿនអតិបរមារបស់រថយន្ត ឬកំណត់កម្លាំងម៉ាស៊ីនរថយន្តជាដើម។
BMW នឹងជាម៉ាករថយន្តដំបូងគេដែលមានផ្ដល់នូវមុខងារ Apple CarKey នេះ ហើយរថយន្តដំបូងគេដែលអាចប្រើវាបានគឺ BMW 5-Series ឆ្នាំ ២០២១ ចាប់ផ្ដើមពីខែកក្កដា ឆ្នាំនេះ។ Apple ក៏កំពុងសហការជាមួយក្រុមហ៊ុនរថយន្តផ្សេង ដើម្បីនាំយកមុខងារ CarKey ដាក់លើរថយន្តជាច្រើនទៀតផងដែរ៕