ឡាន Bugatti Chiron មានតែមួយក្នុងលោក ពេលនេះផលិតរួចរាល់

ក្រោយ​ពី​បាន​បង្ហាញ​រូបភាព​ពេល​ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​រួច​មក នៅ​ពេល​នេះ Bugatti Chiron Hermès Edition បាន​បង្ហាញ​មុខ​ដល់​ពិភពលោក​ជា​ផ្លូវ​ការ​ហើយ។

រថយន្ត​ពិសេស​នេះ ត្រូវ​បាន​ធ្វើ​ការ​កុម្ម៉ង់​ជា​ពិសេស​ដោយ​អ្នក​ប្រមូល​ទិញ​រថយន្ត​ដ៏​ល្បី​ឈ្មោះ​នៅ​អាមេរិក គឺ​ Manny Khoshbin ហើយ​ឆាប់ៗ​ខាង​មុខ​វា​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​សហរដ្ឋអាមេរិក។ ការ​ផលិត​រថយន្ត​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដោយ​ឆ្លង​កាត់​ការ​ជ្រើស​រើស​ជា​ច្រើន​លើក ​មុន​​មាន​ការ​សម្រេច​ប្រើ​ប្រាស់​ពណ៌​ Hermès Craie មួយ​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​មាន​ការ​សហការ​ផលិត​ពី​សំណាក់​ម៉ាក​សំលៀក​បំពាក់​ប្រណីត Hermès ហេតុ​នេះ​ទើប​លើ​រថយន្ត​មាន​រំលេច​ដោយ​ស្លាក​សញ្ញា​រូប​សេះ ជា​ស្លាក​សញ្ញា​តំណាង​ឲ្យ​ម៉ាក​ប្រណីត​របស់​បារាំង​នេះ។ ការ​ឌីហ្សាញ​រថយន្ត​ទាំង​​ក្នុង​ និង​ក្រៅ​គឺ​សុទ្ធ​តែ​ប្រើ​ប្រាស់​ពណ៌​ Hermès Craie ជា​ពិសេស សូម្បី​តែ​នៅ​កាង​ផ្នែក​ខាង​ក្រោយ​ក្ដី។

គួរ​ដឹង​ថា​វា​មិនមែន​ជា​រថយន្ត​តែ​មួយ​គត់​របស់​លោក Khoshbin ដែល​មាន​រួម​ផលិត​ជា​មួយ Hermès នោះ​ទេ។ ប៉ុន្មាន​ឆ្នាំ​មុន លោក​បាន​បញ្ចុះ​បញ្ចូល​ឲ្យ Pagini និង​ Hermès សហការ​គ្នា ផលិត​រថយន្ត​ Huayra មាន​តែ​មួយ​គ្រឿង​ក្នុង​លោក​ឲ្យ​រូប​លោក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម