Cadillac Escalade-V គឺជារថយន្ត SUV ខ្នាតធំមានកម្លាំងខ្លាំងបំផុតនៅលើពិភពលោក ដែលប្រាកដជាត្រូវចិត្តសម្រាប់អ្នកចូលចិត្តលេងល្បឿន។
រថយន្ត SUV កៅអី ៣ជួរនេះ ត្រូវបានដាក់បង្ហាញកាលពីខែឧសភា ជាមួយនឹងម៉ាស៊ីនផលិតដោយដៃ (handbuilt) ចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំងសរុប ៦៨២សេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន Cadillac អះអាងថា Escalade-V អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ រថយន្ត Cadillac Escalade-V ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ បានចំនួនជាងកន្លះលានដុល្លារឯណោះ។ ទោះជាយ៉ាងណា លុយនោះនឹងត្រូវបរិច្ចាគដើម្បីជួយសិស្សឲ្យបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេតាមរយៈ “កម្មវិធីសិក្សាដែលពឹងផ្អែកខ្លាំងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ជីវិតពិត ទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ”។
ក្រៅពីមានម៉ាស៊ីនខ្លាំងហើយ Escalade-V ក៏មានបំពាក់កាងមុខដែលអង់អាច និងមានប្រព័ន្ធបំពង់ស៊ីមាំងចំនួនបួន ហើយមានប្រើយ៉ាន់អាលុយមីញ៉ូមទំហំ ២២អ៉ីញ ដែលអមដោយដុំហ្វ្រាំងកម្លាំងខ្លាំង Edge Red ផងដែរ។ រថយន្ត SUV នេះក៏មាននូវបូមខ្យល់ និងមានមុខងារ Magnetic Ride Control 4.0 ដ៏ទំនើបទៀតផង។
នៅផ្នែកខាងក្នុងមានបំពាក់ឈើប្រភេទ Zebra និងអេក្រង់ OLED រាងកោង ដែលសរុបតំបន់អេក្រង់ចូលគ្នាគឺមានទំហំរហូតដល់ ៣៨អ៉ីញ ហើយមានទៅដោយប្រព័ន្ធសំឡេង AKG Studio Reference ដែលមានរន្ធបំពងសំឡេងចំនួន៣៦។
យ៉ាងណាមិញ រថយន្ត Escalade-V គ្រឿងក្រោយៗទៀត នឹងមានតម្លៃចាប់ពី ១៤៩ ៩៩០ដុល្លារ ជារថយន្ត Cadillac ដែលមានតម្លៃខ្ពស់ជាងគេ៕