[ទីផ្សាររថយន្តបរទេស] រថយន្ត Chevrolet Corvette Z06 ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងបង្អស់ នឹងត្រូវដាក់លក់ដេញថ្លៃ សម្រាប់ជួយដល់សប្បុរធម៌ នៅក្នុងខែមករានេះ។
គួរឲ្យដឹងដែរថា លុយដែលប្រមូលបានពីការលក់រថយន្ត Corvette Z06 នឹងត្រូវផ្តល់ទៅឲ្យ Operation Homefront ដែលជួយដល់គ្រួសារទាហាន។
អ្វីដែលសំខាន់នោះគឺការផលិត Corvette Z06 មិនទាន់ចាប់ផ្តើមទេ ដូច្នេះអ្នកឈ្នះនឹងមិនទទួលបានរថយន្តភ្លាមៗឡើយ ប៉ុន្តែជំនួសមកវិញ នឹងធានាថាបាននូវ រថយន្ត Chevrolet Corvette Z06 ដែលមានលេខ VIN ដំបូងបំផុត ហើយមានឱកាសនៃការរចនារថយន្តតាមរសជាតិរបស់ខ្លួនទៀតផង។
គួររំលឹកថា រថយន្ត Chevrolet C8 Corvette Stingray ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ ធ្លាប់ត្រូវបានដាក់លក់ដេញថ្លៃបានដល់ ៣លានដុល្លារឯណោះ។
យ៉ាងណាមិញ រថយន្ត Chevrolet Corvette Z06 ឆ្នាំ២០២៣ នឹងមានបំពាក់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated LT6 ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៧០សេះ និងកម្លាំងរមួល ៦២៣ញ៉ូតុនម៉ែត្រ៕