[ទីផ្សារបរទេស] រថយន្ត Chevrolet Silverado EV ដែលជាគូប្រជែងខ្លាំងក្លាមួយរបស់ Ford F-150 Lightning កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដែលមានសក្ដានុពល ត្បិតថារថយន្តនេះមិនទាន់ចេញលក់លើទីផ្សារក្ដី។
តាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន General Motors កាលពីដើមសប្ដាហ៍បានឲ្យដឹងថារថយន្ត Silverado EV ទទួលបានការកក់ទុករហូតដល់ ១៥ម៉ឺនគ្រឿងពីសំណាក់អតិថិជនដែលមានសក្ដានុពល ហើយ ៦៥% នៃអតិថិជនដែលចាប់អារម្មណ៍គឺជារថយន្តថ្មីសម្រាប់ម៉ាក Chevrolet។
រថយន្ត Silverado ប្រភេទអគ្គិសនីបានបង្ហាញចេញកាលពីខែមករា ប៉ុន្តែពេលនេះ Chevrolet កំពុងតែដុសចាត់បង្ហើយលើរថយន្តនេះ។ គួរដឹងថាក្រោយការបង្ហាញចេញជាផ្លូវការ Chevrolet បានប្រកាសថា Silverado EV ប្រភេទ RST First Edition បានលក់ចេញអស់ក្នុងពេលត្រឹម ១២នាទី។
នាយកប្រតិបត្តិក្រុមហ៊ុន GM បានឲ្យដឹងផងដែរថា GM ទទួលបានការកក់ចំនួន ៨ម៉ឺនគ្រឿង សម្រាប់រថយន្ត GMC Hummer EV ដែលមានតម្លៃចាប់ពី ៧៩ ៩៩៥ដុល្លារ នៅសហរដ្ឋអាមេរិក ហើយអតិថិជនដែលបានកក់មាន ៤២% គឺជាអតិថិជនថ្មី៕