ប្រសិនបើមើលពីផ្នែកចំហៀងខាងឆ្វេងពីកៅអីអ្នកអង្គុយ គេនឹងឃើញថារថយន្ត Land Rover Defender ឆ្នាំ២០២២មួយនេះគឺជារថយន្តដ៏ថ្មីសន្លាងមួយ ដែលអាចបើកចេញបានគ្រប់ពេល។
យ៉ាងណាក្ដីបើក្រឡេកមើលពីផ្នែកចំហៀងខាងស្ដាំគឺខុសគ្នាដូចមេឃនឹងដី ព្រោះបើតាមការរៀបរាប់របស់វិបសាយដេញថ្លៃរថយន្ត Copart នៅសហរដ្ឋអាមេរិកបានឲ្យដឹងថារថយន្ត Land Rover Defender នេះបានរងការប៉ះទង្គិចខ្លាំងពីផ្នែកខាងស្ដាំ ដែលនឹងត្រូវឆ្លងកាត់ការជួសជុលយ៉ាងស្មុគស្មាញទើបអាចបើកបរបាន។
តាមរយៈរូបភាពបានបង្ហាញថារថយន្តនេះបានជ្រុះចេញកង់មុខចេញពីតួខ្លួន ហើយផ្នែកកាងខាងមុខ ជាមួយនឹងអំពូលខាងស្ដាំដ៏បានរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯទ្វារអ្នកបើកបរក៏រងការប៉ះទង្គិចគួរសមដែរ។
រថយន្តដែលមានសភាពខូចខាតធ្ងន់នេះ ត្រូវបានដាក់ដេញថ្លៃលើវិបសាយ Copart ដែលគិតត្រឹមបច្ចុប្បន្ននេះមានអ្នកហ៊ានឲ្យតម្លៃ ២០ ៦០០ដុល្លារ ខណៈដែលនៅសហរដ្ឋអាមេរិករថយន្តនេះមានតម្លៃចាប់ពី ៤៧ ៧០០ដុល្លារ។ អ្វីដែលល្អសម្រាប់រថយន្តនេះគឺវាទើបតែបើកបរបានចម្ងាយប្រមាណ ៧២០គីឡូម៉ែត្រ ដែលមានន័យថាគ្រឿងបន្លាស់នៅថ្មីខ្លាំង៕