
បន្ទាប់ពីបានធ្វើការផលិតនូវរថយន្តអគ្គិសនីអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Xpeng ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងប្រទេសចិន បាន និងកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនហើយ ដោយពួកគេនឹងឆ្ពោះទៅរកការប្រកួតប្រជែងក្នុងទីផ្សាររថយន្តកូនកាត់វិញ ហើយគ្រោងនឹងបង្ហាញចេញនូវរថយន្តកូនកាត់ដំបូងរបស់ខ្លួននៅចុងឆ្នាំ២០២៥ នេះ។
ក្នុងនោះ រថយន្តនេះ គឺមានឈ្មោះថា Xpeng G01 ជាប្រភេទរថយន្ត SUV កៅអី ៣ជួរ មានប្រវែងសរុប ៥,១ម៉ែត្រ និងប្រវែងគម្លាតកង់ ៣ម៉ែត្រ ផលិតឡើងនៅលើគ្រោងឆ្អឹង G-platform ថ្មីទាំងស្រុង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មី “Kunpeng Super Range Extender” ដែលអាចធ្វើឱ្យរថយន្តបើកបរដោយថាមពលអគ្គិសនីសុទ្ធរហូតដល់ ៤៣០ គីឡូម៉ែត្រ និងសរុប ១ ៤០០ គីឡូម៉ែត្រ។
បន្ថែមពីនេះ Xpeng G01 ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 800V ដែលអាចសាកបាន ៨០% ក្នុងរយៈពេលត្រឹមតែ ១២នាទី ផងដែរ។ ចំណែកផ្នែកខាងក្នុង និងខាងក្រៅវិញ នឹងទទួលបាននូវបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជាកៅអី Zero Gravity, ទូទឹកកក, អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ និងប្រព័ន្ធជំនួយអ្នកបើកបរខ្ពស់ៗជាច្រើនដូចជាប្រព័ន្ធរ៉ាដារ និងប្រព័ន្ធកាមេរ៉ាជាដើម។
គួរបញ្ជាក់ថា រថយន្តនេះ នឹងប្រកាសចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៦ ជាមួយតម្លៃលក់ប្រហែលពី ៣៤ ៤០០ ដុល្លារ ទៅ ៤១ ៣០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕