ឡាន Escalade ឆ្នាំ២០២១ គេទិញច្រើនពេក Cadillac ផលិតលែងទាន់

រថយន្ត Cadillac Escalade បានចេញលក់សម្រាប់ស៊េរីឆ្នាំ២០២១ ដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះទួទលបានការកក់ជាង ៦ ០០០គ្រឿងឯណោះ។ រយៈពេល ១ឆ្នាំក្រោយមក តម្រូវការនៃរថយន្ត SUV ប្រណីតនេះនៅតែខ្ពស់ ពោលគឺខ្ពស់ខ្លាំង ជាងពិសេសសម្រាប់ម៉ូដែល Escalade Platinum រហូតដល់ក្រុមហ៊ុន Cadillac ផលិតលែងទាន់។

ប្រធានផ្នែកទីផ្សារឌីជីថលនៃក្រុមហ៊ុន Cadillac Escalade Global លោក Dave Schiavone បានកត់សម្គាល់ថាអ្នកទិញនាំគ្នាជ្រើសរើសយកម៉ូដែល Platinum ដែលជាប្រភេទកប់បំផុត ដោយមានតម្លៃចាប់ពី ១០២ ២៩០ដុល្លារ (សម្រាប់ទីផ្សារសហរដ្ឋអាមេរិក)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ តម្លៃជាង ១០ម៉ឺនដុល្លារនេះ មិនធ្វើឲ្យអតិថិជនភ័យខ្លាចឡើយ។ លោក Schiavone បានបន្ថែមថា តម្រូវការសម្រាប់ម៉ួដែល Escalade Platinum គឺខ្ពស់ជាងពេលណាទាំងអស់។

គួរឲ្យដឹងដែរថា រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញគួរឲ្យកត់សម្គាល់ ក៏ដូចជាអាប់ដេតលើបច្ចេកវិទ្យា និងប្រណីតភាព ដែលវាក៏ជាមូលហេតុមួយធ្វើឲ្យអតិថិជនចាប់អារម្មណ៍ខ្លាំង លើ SUV ខ្នាតធំនេះដែរ។ លើសពីនេះទៅទៀត វាមានបំពាក់មុខងារផែនទី AR, មុខងារ Super Cruise, ប្រព័ន្ធសំឡេង ៣៦គ្រាប់ និង អេក្រង់ OLED ៣ផ្ទាំង ទំហំសរុប ៣៨អ៊ីញទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម