ឡាន Genesis GV70 បង្ហាញតម្លៃលក់នៅអាមេរិកហើយ ស៊ីដាច់គូប្រជែង

ក្រុមហ៊ុន Genesis បានប្រកាសចេញតម្លៃនៅសហរដ្ឋអាមេរិកសម្រាប់រថយន្ត Genesis GV70 ស៊េរីឆ្នាំ២០២២ជាផ្លូវការ ដែលតម្លៃរបស់រថយន្តប្រណីតមួយនេះគឺធូរថ្លៃជាងរថយន្តប្រណីតរបស់អាល្លឺម៉ង់។

ចាប់ផ្ដើមពី GV70 2.5T AWD Standard វាមានតម្លៃចាប់ពី ៤១ ០០០ដុល្លារ ដែលលំដាប់តម្លៃនេះនឹងទទួលបានអំពូលប្រភេទ LED សុទ្ធ, គូថក្រោយអាចបើកដោយប្រព័ន្ធអេឡិចត្រូនិក និងមានយ៉ាន់កង់ Alloy ទំហំ១៨អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងវិញនឹងមានបំពាក់ដោយកៅអីស្បែក និងមានកៅអីកំដៅផងដែរសម្រាប់ផ្នែកកៅអីជួរខាងមុខ។ ចំណុចលេចធ្លោផ្សេងទៀតនៅផ្នែកខាងក្នុងគឺមានចង្កូតស្រោបដោយស្បែក, មានអេក្រង់កម្សាន្តទំហំ ១៤,៥អ៊ីញ ដែលមានប្រព័ន្ធ GPS និងកុងទ័រឌីជីថលទំហំ ៨អ៊ីញផងដែរ។

រថយន្តនេះដែរ ដូចជាមានបញ្ជាក់នៅលើឈ្មោះអ៊ីចឹង គឺមានដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣០០សេះ។ វាមានភ្ជាប់ទៅនឹងប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនថែមទៀតផង។

សម្រាប់ប្រភេទ GV70 2.5T AWD Select វិញមានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ ខណៈដែលប្រភេទ GV70 2.5T AWD Advanced មានតម្លៃចាប់ពី ៤៩ ១៥០ដុល្លារ។ មិនទាន់អស់នៅឡើយទេ រថយន្តនេះក៏មានចំនួន ៤ប្រភេទទៀត ដោយប្រភេទថ្លៃជាងគេគឺ GV70 3.5T AWD Sport Prestige ដែលមានតម្លៃចាប់ពី ៦២ ៥០០ដុល្លារ។

រថយន្ត GV70 ស៊េរីឆ្នាំ២០២២នេះនឹងចេញលក់នៅអំឡុងត្រីមាសទីបីឆ្នាំនេះ។ គួរដឹងថាតម្លៃរបស់រថយន្តនេះធូរថ្លៃគួរសមបើធៀបនឹង Audi Q5 ដែលមានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ, រថយន្ត BMW X3 តម្លៃចាប់ពី ៤៣ ០០០ដុល្លារ និងរថយន្ត Mercedes GLC តម្លៃចាប់ពី ៤៣ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម