Genesis បានបង្ហាញចេញរថយន្ត GV70 ជាផ្លូវការនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ក្នុងប្រទេសចិន ដោយវាមានឈ្មោះថា Electrified GV70 និងជាស៊េរីឆ្នាំ២០២២ផងដែរ។
រថយន្ត Electrified GV70 នេះនឹងចេញលក់លើទីផ្សារមួយចំនួនចាប់ពីឆ្នាំក្រោយ ខណៈដែលតម្លៃលក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែរំពឹងថានឹងថ្លៃជាងប្រភេទប្រើប្រេងសាំង និងប្រភេទម៉ាស៊ូត។
រថយន្ត Electrified GV70 នេះដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ដែលសរុបចូលគ្នាអាចផលិតកម្លាំងបាន ៤៨២សេះ ដែលធ្វើឲ្យរថយន្តមានសមត្ថភាពស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។
ខណៈដែលក្រុមហ៊ុនមិនទាន់បានបង្ហាញទំហំអាគុយ ប៉ុន្តែមានការអះអាងថាវាអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយការសាកភ្លើងគឺប្រើប្រាស់បច្ចេកវិទ្យាសាកលឿន ដែលក្នុងពេល១៨នាទី អាចសាកភ្លើងឡើងពី ១០% ដល់ ៨០%។
និយាយអំពីរូបរាងរបស់ Electrified GV70 នេះគឺហាក់មិនខុសគ្នាពីរថយន្ត GV70 ធម្មតាប៉ុន្មានឡើយ ដោយការផ្លាស់ប្ដូរគួរឲ្យសម្គាល់គឺនៅលើផ្ទាំងប៉ាណាខាងមុខ ដែលមានបង្កប់ដោយរន្ធសម្រាប់សាកភ្លើង ហើយមួយទៀតគឺការលុបបំបាត់នូវបំពង់ស៊ីមាំងដែលធ្វើឲ្យខាងក្រោយមានលក្ខណៈស្រឡះស្អាត៕