ឡាន Hummer អគ្គិសនីបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាងឡាន Toyota Corolla

[ទីផ្សារបរទេស] រថយន្តអគ្គិសនីត្រូវបានគេយល់ឃើញថាជារថយន្តដែល​ជួយ​បរិស្ថាន ដោយសារតែរថយន្តប្រភេទនេះ​មិន​សាយ​ភាយ​ឧស្ម័នពុលចូលក្នុងបរិយាកាសឡើយ។ យ៉ាងណាក្ដី ការសិក្សារបស់ស្ថាប័ន ACEEE បែរ​ជា​ទទួលបានលទ្ធផលមួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ស្ថាប័នខាងលើបានចេញផ្សាយការសិក្សាដែលរកឃើញថា​ការ​បំប្លែងថាមពលអគ្គិសនី​សម្រាប់​ផ្ដល់កម្លាំងដល់រថយន្តអគ្គិសនីនោះ បានបង្កើតឲ្យមានជាឧស្ម័នកាបូនឌីអុកស៊ីត ហើយករណីសម្រាប់រថយន្តអគ្គិសនី Hummer EV គឺបញ្ចេញឧស្ម័ន​កាបូន​ឌីអុកស៊ីត​ទម្ងន់ ៣៤១ក្រាម ក្នុងចម្ងាយមួយម៉ាយ (ប្រមាណ ១,៦គ.ម)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រិតឧស្ម័នពុលនៃរថយន្តអគ្គិសនី Hummer EV គឺខ្ពស់ជាងរថយន្តដែលប្រើម៉ាស៊ីនសាំងមួយចំនួនទៀត ដូចជារថយន្ត Toyota Corolla ដែលផលិតឧស្ម័នចំនួន ២៦៩ក្រាម ក្នុងមួយម៉ាយ និងរថយន្ត Chevrolet Malibu ដែល​ផលិត​ឧស្ម័ន​ចំនួន ៣២០ក្រាម ក្នុងមួយម៉ាយ។

ការដែលផលិតឧស្ម័នច្រើនបែបនេះគឺដោយសារតែ Hummer EV ជារថយន្តដែលមានទម្ងន់ធ្ងន់គឺរហូតដល់ ៤១១១គីឡូក្រាម និងមាន​រាងជាជ្រុងៗ ដែលតម្រូវឲ្យម៉ូទ័រ​ប្រឹងធ្វើការខ្លាំងដើម្បីរុញច្រានទម្ងន់ដ៏សែនធ្ងន់នេះទៅមុខរួច។ យ៉ាងណា​កម្រិតឧស្ម័ននេះគឺនៅ​ទាបជាងរថយន្ត Hummer ប្រើម៉ាស៊ីនប្រេងឥន្ធនៈដែលផលិតឧស្ម័ន ៨៨៩ក្រាម ក្នុងមួយម៉ាយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម