ក្រុមហ៊ុនដេញថ្លៃអាមេរិក Barrett-Jackson បានប្រកាសអំពីផែនការដាក់ដេញថ្លៃរថយន្ត GMC Hummer EV មួយគ្រឿងដំបូងគេក្នុងខែមីនាខាងមុខនេះ។
រថយន្ត Hummer EV មួយគ្រឿងដំបូងគេដែលផលិតចេញពីរោងចក្រ នឹងជាប្រភេទ Edition 1 ដែលរថយន្តប្រភេទនេះបានលក់ដាច់អស់ក្នុងពេលប្រហែល ១០នាទី ក្រោយបើកទទួលការកុម្ម៉ង់ទិញ។ ដូចនេះរថយន្តនេះទំនងជាអាចដាក់លក់ដេញថ្លៃបានតម្លៃមួយខ្ពស់។
រថយន្ត Hummer EV Edition 1 នេះគឺមានដាក់លក់តម្លៃចាប់ពី ១១២ ៥៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន៣ ដែលអាចផលិតកម្លាំងបាន ១០០០សេះ ដែលល្មមអាចឲ្យរថយន្តភីកអាប់នេះស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលប្រមាណ ៣វិនាទី។ រថយន្តនេះក៏អាចផ្ដល់ចម្ងាយបើកបរបានលើសពី ៣៥០ម៉ាយ (ប្រមាណ ៥៦៣គីឡូម៉ែត្រ) ផងដែរ។
គួរដឹងថាទឹកប្រាក់ទាំងស្រុងដែលបានពីការដាក់លក់ដេញថ្លៃរថយន្ត Hummer EV នេះនឹងប្រគល់ជូនមូលនិធិ Towers Foundation ដែលជួយផ្គត់ផ្គង់ជនទីទ័លនៅសហរដ្ឋអាមេរិក៕