ក្រុមហ៊ុនរថយន្ត GMC បានប្រកាសឲ្យដឹងថារថយន្ត Hummer EV ប្រភេទ Edition 1 បានលក់ដាច់អស់ក្នុងរយៈពេលត្រឹមប្រមាណ ១០នាទី ទោះបីជាវាមានតម្លៃចាប់ផ្ដើមពី ១១២ ៥៩៥ដុល្លារ ក្ដី។
វាជាសមិទ្ធផលដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុន GMC មិនបានប្រាប់អំពីចំនួនផលិតសរុបនៃរថយន្ត Hummer EV Edition 1 នោះទេ។ ក្រុមហ៊ុន GMC បាននិយាយថាការឆ្លើយតបចំពោះរថយន្ត Hummer EV មានខ្លាំងលើសការរំពឹងទុក ហើយរថយន្តភីកអាប់អគ្គិសនីបានក្លាយជាឈ្មោះដែលគេស្វែងរកច្រើនជាងគេលើ Google ពេលប្រកាសចេញផងដែរ។
Hummer EV Edition 1 ដំណើរការម៉ូទ័រអគ្គិសនីចំនួនបី ដែលផលិតកម្លាំងសរុបបានប្រមាណ ១០០០សេះ។ កម្លាំងនេះអាចឲ្យរថយន្តដែលប្រើប្រព័ន្ធបើកបរវិលកង់បួននេះ ស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលប្រហែល ៣វិនាទី ពេលប្រើប្រាស់ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រអគ្គិសនីនេះដែរទទួលបានថាមពលពីអាគុយលីចូមដែលអាចឲ្យរថយន្តបើកបរបានចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយការសាកភ្លើងត្រឹម១០នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ១៦១គីឡូម៉ែត្រ៕