ឡាន Hummer អគ្គិសនី មានអ្នកចាប់ចិត្តកាន់តែច្រើនឡើងហើយ

វិបសាយ GM Authority បានចុះផ្សាយឲ្យដឹងថារថយន្ត GMC Hummer EV ប្រភេទភីកអាប់ និងប្រភេទ SUV មានអ្នកចាប់អារម្មណ៍ជាង ១២៥ ០០០នាក់ ក្រោយពី​ប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចរោងចក្រផលិតរថយន្តនេះកាលពីថ្មីៗកន្លងទៅ។

អ្នកដែលចាប់អារម្មណ៍ គឺជាអ្នកដែលបានចូលទៅកាន់វិបសាយរថយន្ត និងបានចុះឈ្មោះបង្ហាញការចាប់អារម្មណ៍ចំពោះរថយន្ត ដោយចែករំលែកព័ត៌មានលេខទំនាក់ទំនងរបស់ពួកគេទៅកាន់ក្រុមហ៊ុន។ អ្នកចាប់អារម្មណ៍ ហាក់នៅឆ្ងាយពីតួលេខកុម្ម៉ង់ទិញទុកមុន ប៉ុន្តែវាជាសញ្ញាបញ្ជាក់ថា Hummer EV មានអ្នកចាប់ចិត្តច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមអនុប្រធាននៃក្រុមហ៊ុន Cadillac បាននិយាយថា ចន្លោះពី ២០ ទៅ ៣០% នៃចំនួនអ្នកចាប់អារម្មណ៍ គឺអាចក្លាយជាចំនួនលក់ចេញពិតប្រាកដ ដែលនេះមានន័យថា Hummer EV អាចនឹងលក់ចេញបានប្រមាណ ២៥ ០០០គ្រឿង។ ដោយឡែករថយន្ត SUV មួយទៀតរបស់ក្រុមហ៊ុន GM គឺរថយន្ត Cadillac Lyriq មានអ្នកចាប់អារម្មណ៍រហូតដល់ ២១៦ ០០០នាក់ឯណោះ។

បើតាមក្រុមហ៊ុន GM បានឲ្យដឹងថារថយន្ត Hummer EV ទាំងពីរប្រភេទ គិតត្រឹមពេលនេះអាចទទួលបានការកុម្ម៉ង់ទិញចំនួន ៦ម៉ឺនគ្រឿង ដែលភាគច្រើនគឺកុម្ម៉ង់ទិញរថយន្តប្រភេទ Edition 1 ដែលជាប្រភេទថ្លៃជាងគេបំផុត ពោលមានតម្លៃរហូតដល់ ១១០ ២៩៥ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម