ឡាន Hummer EV ជិះមិនបានឆ្ងាយដូចដែលក្រុមហ៊ុនអួតឡើយ

[ទីផ្សារបរទេស] វិបសាយ Car and Driver បានប្រទះឃើញឯកសារផ្លូវការរបស់ស្ថាប័ន EPA ដែល​បាន​បង្ហាញ​អំពី​ទម្ងន់ និងសមត្ថភាពសន្សំសំចៃថាមពលអគ្គិសនីរបស់រថយន្ត Hummer Edition 1 ដែល​មានបំពាក់ Option កប់និងមានតម្លៃ ១១០ ២៩៥ដុល្លារ នៅទីផ្សារបរទេស។

ឯកសារបានបង្ហាញថា Hummer Edition 1 នេះ​គឺមានទម្ងន់ប្រមាណ ៤១១០គីឡូក្រាម (គ្រាន់តែអាគុយមានទម្ងន់ដល់ ១ ៣២៥គីឡូក្រាម) ជាមួយកម្រិតប្រើប្រាស់ថាមពលជាមធ្យមគឺ ៤៧ MPGe ដោយ​ការបើក​ក្នុងក្រុងគឺ ៥១ MPGe និងការបើកក្រៅក្រុងគឺ ៤៣ MPGe។ រថយន្តនេះដែរក៏អាចបើកបរបានចម្ងាយដល់ប្រមាណ ៥៣០គីឡូម៉ែត្រ ពេលសាកភ្លើងពេញដោយប្រើអាគុយចំណុះ ២១២,៧ kWh។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក នៅពេលដែលប្រកាសចេញកាលពីជាងមួយឆ្នាំមុន ក្រុមហ៊ុន GM បានអះអាងថារថយន្តអគ្គិសនីនេះអាចជិះបានដល់ចម្ងាយ ៥៦៣គីឡូម៉ែត្រ ដែលនេះមានន័យថាការអះអាងរបស់ក្រុមហ៊ុន GM គឺមិនដូចជាការតេស្តពិតប្រាកដឡើយ។

ទោះយ៉ាងណារយៈចម្ងាយដែលរថយន្ត Hummer Edition 1 បានផ្ដល់ឲ្យ អាចនិយាយបានថាជារយៈចម្ងាយឆ្ងាយមួយ បើសិនធៀបនឹងទម្ងន់ខ្លួនរបស់វា ដែលទម្ងន់នៃរថយន្តគឺជាគូសត្រូវដ៏ធំមួយសម្រាប់រថយន្តអគ្គិសនី។ បន្ថែមពីនេះរថយន្តនេះក៏អាចផ្ដល់កម្លាំងបានខ្លាំង ពោលរហូតដល់ ១ពាន់សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម