ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Hybrid ម៉ូដែលថ្មី គឺ Kona Hybrid បន្ថែមពីលើរថយន្ត Kona ប្រើម៉ាស៊ីនសាំង និង Kona EV ដែលដំណើរការដោយថាមពលអគ្គិសនី ។
Kona Hybrid មាន Option អាចបន្ថែមក្រៅបានជាច្រើន ដូចជា យ៉ាន់អាលុយមីញ៉ូម ទំហំ ១៨ អ៊ីង , កៅអីមុខចុច , ចង្កៀង LED , មុខងារសាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ និង កៅអីក្រោយមានមុខងារកម្តៅ ។ វាមានបំពាក់ប្រព័ន្ធកម្សាន្ត-ព័ត៌មាន ដែលអាចដំណើរការមុខងារ Apple CarPlay និង Android Auto បានទៀតផង ។
រថយន្ត Kona Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ប្រភេទ Naturally Aspirated ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ១៣៩ សេះ ហើយមានកម្រិតស៊ីសាំងត្រឹមតែ ៣,៥ លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ។ SUV ខ្នាតតូចនេះ ប្រើប្រអប់លេខអូតូ ៦ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធបើកបរប៉ុងមុខ ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១១,២ វិនាទី ហើយមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
Hyundai Kona Hybrid មានបំពាក់កញ្ចប់បច្ចេកវិទ្យា Hyundai SmartSense មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារ Collision Warning System, Lane Keeping Assistance, Distraction Alarm System, Non-glare Headlight Technology និង Pedestrian Detection System ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បានបង្ហាញតម្លៃលក់របស់ Kona Hybrid ឡើយ ៕