ឡាន Jeep Wrangler ប្រភេទសាកភ្លើង លក់បានដល់ជាង ១ម៉ឺនគ្រឿង ក្នុងពេលត្រឹមបីខែ

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis បាន​រាយការណ៍​ពី​ការលក់​រថយន្តបាន ៣៨៥ ៦៦៥គ្រឿង នៅសហរដ្ឋអាមេរិក អំឡុង​ត្រីមាស​ទីបីនៃ​ឆ្នាំ​២០២២ ដែលជាការថយចុះ ៦% ធៀបនឹងឆ្នាំមុន ហើយគិតត្រឹមត្រីមាសទីបីនេះក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ជិត ១,២​លាន​គ្រឿង (ថយចុះ ១២%)។

ក្រុមហ៊ុន Stellantis និយាយថាខ្លួនកំពុងតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ ប៉ុន្តែ​ការលក់រថយន្ត PHEV របស់​ខ្លួន​កំពុង​តែមាន​សន្ទុះខ្លាំងក្លានាពេលនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការប្រកាសបាន​ឲ្យដឹងថា Stellantis អាចលក់រថយន្ត PHEV បានជាង ១,៥ម៉ឺនគ្រឿង នៅត្រីមាស​ទីបី ដែល​ក្នុង​នោះ​រួម​មាន​រថយន្ត Jeep Wrangler 4xe ចំនួន ១៣ ៤៧៨គ្រឿង និងរថយន្ត Chrysler Pacifica Hybrid បាន​ចំនួន ២ ០៨៧​គ្រឿង ដែលស្មើប្រមាណ ៤% នៃ​ទំហំលក់សរុបរបស់ Stellantis។

សម្រាប់រថយន្ត Jeep Wrangler 4xe ​វាមានចំណែករហូតដល់ ២៨% នៃចំនួនលក់សរុបរបស់ម៉ាករថយន្ត Jeep ខណៈដែល Chrysler Pacifica Hybrid មាន​ចំណែក ១២% នៃ​ចំនួនលក់សរុបរបស់ Chrysler Pacifica។

កាលពីខែសីហា ក្រុមហ៊ុន Jeep បានបើកទទួលការកុម្ម៉ង់សម្រាប់រថយន្ត Jeep Cherokee 4xe ដូចនេះ​អាច​រំពឹងថា​ការ​លក់​រថយន្ត PHEV របស់ Stellantis នឹងបន្តមានកំណើន ស្របពេលដែលម៉ាករថយន្តដទៃក៏កំពុងត្រៀម​ខ្លួន​ឈានជើងចូលអនាគត​រថយន្តសាកភ្លើងថ្មីផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម