ឡាន Kia Stinger លក់ដាច់ស្មានមិនដល់ លើទឹកដីអូស្ត្រាលី

[ទីផ្សារបរទេស] កន្លងមកត្បិតថាមានដំណឹងលេចលឺថារថយន្ត Stinger នឹងត្រូវក្រុមហ៊ុន Kia បញ្ឈប់ការផលិត ប៉ុន្តែ​ការ​លក់​រថយន្ត​នេះ​នៅ​ប្រទេស​អូស្ត្រាលីឃើញថាមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

តាមការចុះ​ផ្សារ​របស់​ CarExpert បានឲ្យដឹងថា Kia Stinger លក់នៅប្រទេសអូស្ត្រាលី មានកំណើន ៥៣,៣% នៅ​ឆ្នាំ២០២២នេះ ក្រោយពីមានការកើនឡើង ២០៣,៨% កាលពីខែមេសា។ ក្នុងនោះដែររថយន្ត Stinger GT មានចំណែកជាង ៩០% នៃ​ចំនួន​លក់​សរុប ដោយសារវាគឺជារថយន្តស្ព័រ Sedan តែមួយគត់របស់ Kia ដែលមានប្រើប្រព័ន្ធបើកបរប៉ុងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយជោគជ័យនេះ Kia នៅអូស្ត្រាលី ច្បាស់ជាចង់ឲ្យរថយន្ត Stinger ចេញជាជំនាន់ថ្មី ប៉ុន្តែវាទំនងជាមិនអាចកើតមាន​ឡើង​ឡើយ ដោយសារតែ​រថយន្តនេះ​មាន​កំណើនការលក់យឺតយ៉ាវនៅទីផ្សារដទៃ។ ដូចនៅសហរដ្ឋអាមេរិក រថយន្តនេះ​លក់​ចេញ​បាន​ប្រមាណ ១៣ ០០០គ្រឿង ក្នុងមួយឆ្នាំ ខណៈដែលនៅប្រទេសចិនលែងមានលក់តទៀតហើយ។

ដំណឹងដំបូងអំពីការបញ្ឈប់ការផលិតរថយន្ត Stinger បានលេចចេញកាលពីឆ្នាំ២០២០ និងបន្តរហូតដល់​ឆ្នាំ ២០២១។ កាលពីឆ្នាំមុន​នេះដែរ ប្រធានផ្នែកឌីហ្សាញរបស់ Kia បាន​លើក​ឡើងថារថយន្ត EV6 អាចជាអ្នកស្នងតំណែងរបស់ Stinger ដែលធ្វើ​ឲ្យ​ដំណឹង​នៃ​ការបញ្ឈប់ការផលិត Stinger កាន់តែច្បាស់ការ។

តាមដំណឹងថ្មីចុងក្រោយ បានអះអាងថាការផលិតរថយន្ត Stinger នឹងត្រូវបញ្ចប់នៅ​ត្រីមាសទីពីរនៃ​ឆ្នាំ២០២២ ខណៈដែល​ប្រភព​មួយ​ចំនួន​អះអាងថារថយន្តនេះ​នឹង​បន្តមាន​ជីវិតដល់ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម