នាពេលថ្មីៗកន្លងទៅនេះ Lexus បានបញ្ចេញរថយន្តម៉ូដែល ES ស៊េរីថ្មី នៅលើទីផ្សារអាមេរិកខាងជើង និងអឺរ៉ុប។ ឥឡូវនេះ Lexus បានដាក់លក់ ES នៅក្នុងប្រទេសកំណើតរបស់ខ្លួន ដោយគ្មានកញ្ចក់មើលចំហៀងឡើយ គឺប្រើកាមេរ៉ាឌីជីថលជំនួសវិញ។
Lexus ES ជារថយន្តប្រើកាមេរ៉ាឌីជីថល ជំនួសឲ្យកញ្ចក់មើលចំហៀងដំបូងគេបង្អស់លើពិភពលោក។ វាអាចប្រើបានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ខណៈប្រទេសនេះបានចេញបទប្បញ្ញត្តិ សម្រាប់អនុញ្ញាតឲ្យយានយន្តគ្មានកញ្ចក់ដំណើរការលើដងផ្លូវ។ កាមេរ៉ាចំហៀងនោះ នឹងបញ្ជូនរូបភាពទាំងស្រុងនៅផ្នែកចំហៀងនៃរថយន្ត មកលើអេក្រង់តូចមួយទំហំ ៥ អ៊ីញ ដែលស្ថិតនៅក្បែរទ្វារថយន្តតែម្តង។
Lexus ES ដែលប្រើកាមេរ៉ាសម្រាប់មើលផ្លូវចំហៀងនេះ គឺមានតែនៅលើម៉ូដែល 300h (Hybrid) ប៉ុណ្ណោះ។ ឈរនៅលើគ្រោងឆ្អឹង Toyota New Global Architecture វាប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ Inline-4 ICE និងម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ២១៥ សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៥,២ លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
ES 300h ស៊េរីថ្មីចុងក្រោយបង្អស់នេះ នឹងមានតម្លៃលក់ប្រហែល ៥១ ៥០០ដុល្លារ។ វាក៏មានជាប្រភេទ F Sport ផងដែរ ដោយមានតម្លៃប្រហែល ៥៥ ០០០ ដុល្លារ និងប្រភេទ L (តួវែង) ដែលមានតម្លៃប្រហែល ៦២ ០០០ ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន៕