[ទីផ្សារបរទេស] ព័ត៌មានថ្មីទើបលេចចេញដែលទាក់ទងនឹងរថយន្ត Toyota Land Cruiser Prado ជំនាន់ថ្មី បានឲ្យតម្រុយខ្លះៗពីរថយន្ត Lexus GX ដោយថារថយន្តនេះអាចនឹងមានជាជម្រើសម៉ាស៊ីន Hybrid។
ការចុះផ្សាយរបស់ Best Car បានលើកឡើងថាម៉ាស៊ីន Hybrid ថ្មី នឹងមកជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត V6 ប៉ុន្តែម៉ាស៊ូតនេះទំនងជាមិនមានសម្រាប់រថយន្ត GX ដែលលក់នៅសហរដ្ឋអាមេរិកឡើយ។
Toyota នាពេលបច្ចុប្បន្នមានជម្រើសម៉ាស៊ីន Hybrid ចំនួនពីរសម្រាប់រថយន្ត GX ទីមួយគឺម៉ាស៊ីនថ្មីសន្លាងចំណុះ ២,៤លីត្រ ប្រភេទ Turbocharged ៤ស៊ីឡាំង ដែលប្រើលើរថយន្ត Crown ជំនាន់ថ្មី ឬម៉ាស៊ីន Hybrid ស៊េរីមុន ចំណុះ២,៥លីត្រ ៤ស៊ីឡាំង។
ដោយការប្រកាសចេញនៃរថយន្ត Land Cruiser Prado ជំនាន់ថ្មី លេចឭថានឹងកើតឡើងនៅឆ្នាំ២០២៤ ហេតុនេះ Toyota អាចនឹងមានម៉ាស៊ីន Hybrid ថ្មីសន្លាងសម្រាប់ប្រើប្រាស់ក៏ថាបាន។
ចំពោះគ្រោងឆ្អឹងនៃរថយន្តជំនាន់ថ្មី គេមិនច្បាស់ថាជាគ្រោងឆ្អឹងណានោះទេ ប៉ុន្តែគ្រោងឆ្អឹង TNGA-F ដែលប្រើប្រាស់ជាមួយរថយន្ត Lexus LX ជំនាន់ថ្មី ទំនងជាបេក្ខភាពដ៏សក្តិសមបំផុត ខណៈដែលកម្រិតសុវត្ថិភាពនឹងស្ថិតនៅកម្រិតស្មើនឹងរថយន្ត RAV4 ជំនាន់ថ្មី៕