បច្ចុប្បន្ននេះ រថយន្តចាស់ដែលមានចម្ងាយបើកបរតិច និងស្ថិតនៅក្នុងសភាពថ្មី ពិតជាកម្រមានណាស់។
ផ្ទុយទៅវិញ រថយន្ត Lexus ម៉ូដែល LX470 ស៊េរីឆ្នាំ ២០០១ មួយគ្រឿង ដែលម្ចាស់វាទើបប្រើបានចម្ងាយ ១ ០៤៣ ម៉ាយ (១៦៧៨ គីឡូម៉ែត្រ) ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ ១៣៩ ០០០ ដុល្លារឯណោះ ពោលគឺថ្លៃជាង Lexus LX570 ស៊េរីឆ្នាំ ២០១៩ ដែលមានតម្លៃត្រឹមតែខ្ទង់ ១០ ម៉ឺនដុល្លារប៉ុណ្ណោះនៅលើទីផ្សារបរទេស។
អ្នកលក់រថយន្ត SUV ខាងលើ បានរៀបរាប់ដំណើររឿង និងបង្ហាញពីមូលហេតុដែលវាត្រូវគេប្រើតិចបំផុតបែបនេះថា វាត្រូវបានគេលួចយកចេញពីកន្លែងលក់រថយន្ត Lexus មួយកន្លែង កាលពីឆ្នាំ ២០០១ មុនពេលរថយន្តត្រូវដឹកទៅឲ្យម្ចាស់។ មិនតែប៉ុណ្ណោះ ចោរបានទុករថយន្ត LX470 ខាងលើ នៅក្នុងឃ្លាំងមួយដែលមានរថយន្តប្រណីតជាង ២០ គ្រឿងផ្សេងទៀតផង។
អ្វីគ្រប់យ៉ាងនៅលើ Lexus LX470 នេះ មើលទៅស្រស់ស្អាត ខណៈប៊ូតុងប្លាស្ទិកនៅលើផ្ទៃតាប្លូមានសភាពថ្មីសន្លាងតែម្តង ហាក់បីដូចជាមិនទាន់បានប្រើពីមុនមកអីចឹង។
រថយន្ត Lexus LX470 ប្រើម៉ាស៊ីនសាំងចំណុះ ៤,៧ លីត្រ ទំហំ ៨ ស៊ីឡាំង មានកម្លាំង ២៣០ សេះ ដំណើរការដោយប្រអប់លេខអូតូ ៤ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ៕