នៅទីបំផុត ក្រុមហ៊ុន Lotus បានប្រកាសថានឹងចេញលក់រថយន្ត Emira V6 First Edition របស់ខ្លួន នៅសហរដ្ឋអាមេរិកដែរ។
រថយន្ត Lotus Emira V6 First Edition នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៩៣ ៩០០ដុល្លារ នៅពេលចេញលក់ជាផ្លូវការ។ ចំពោះទីផ្សារសហរដ្ឋអាមេរិក វានឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង របស់ Toyota ប៉ុន្តែបានបំពាក់ Edelbrock supercharger មួយ មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៣០សេះ។
រថយន្តនេះប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ប៉ុន្តែអតិថិជនក៏នឹងអាចជ្រើសរើសយកប្រអប់លេខអូតូ ៦វគ្គដែរ ក្នុងតម្លៃ ២ ១៥០ដុល្លារ។ ប្រសិនបើប្រើប្រអប់លេខអូតូ រថយន្តនេះនឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេស Lotus បានដាក់លក់រថយន្ត Evira V6 First Edition ក្នុងតម្លៃចាប់ពី ១០៤ ០៦៥ដុល្លារ នៅចក្រភពអង់គ្លេស និង ១១២ ៤៥០ដុល្លារ នៅប្រទេសអាល្លឺម៉ង់។ វានឹងផ្តល់ជម្រើស ៦ពណ៌ គឺ Seneca Blue, Magma Red, Hethel Yellow, Dark Verdant, Shadow Grey និង Nimbus Grey៕