យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Mazda CX-3 នឹងលែងមានលក់ទៀតហើយនៅលើទីផ្សារអឺរ៉ុប ដោយផលិតកម្មរបស់វានឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ នេះតែម្តង។
ដំណឹងមួយនេះត្រូវបានបញ្ជាក់ដោយអ្នកដំណាងនៃក្រុមហ៊ុន Mazda Poland ទៅកាន់គេហទំព័រ Auto Catalog និងដោយក្រុមហ៊ុន Mazda Germany ទៅកាន់គេហទំព័រ Motor1 ដោយបញ្ជាក់ថា ផលិតកម្មនៃរថយន្ត CX-3 អឺរ៉ុប នឹងត្រូវបញ្ចប់នៅក្នុងខែធ្នូតែម្តង។
រថយន្តប្រភេទ Subcompact Crossover នេះត្រូវបានដាក់បង្ហាញដំបូង កាលពីឆ្នាំ២០១៤ ហើយត្រូវបានផលិតដោយផ្អែកតាមម៉ូដែល Mazda2។
គួរបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Mazda ក៏បានប្រកាសពីការបញ្ចប់ជីវិតរថយន្ត CX-3 នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ស៊េរីឆ្នាំ២០២២ នេះដែរ ហើយឥឡូវនេះវាដូចគ្នាចំពោះទីផ្សារអឺរ៉ុបដែរ។
យ៉ាងណាមិញ ការបញ្ចប់ជីវិត Mazda CX-3 ពីទីផ្សារអឺរ៉ុប នឹងមិនធ្វើឲ្យ Mazda ខ្វះរថយន្តលក់ឡើយ ព្រោះថាពួកគេក៏មាន SUV ដែលមានទំហំធំជាងនេះបន្តិច គឺ CX-30 ដែលផលិតផ្អែកតាមម៉ូដែល Mazda3៕