[ទីផ្សារបរទេស] រថយន្ត Mercedes-AMG G 63 ជាម៉ូដែល SUV ដែលមានការពេញនិយម។ នាពេលនេះសម្រាប់ G63 មិនមែនជាប្រភេទ SUV ទៀតទេ ខណៈក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Brabus បានប្រែក្លាយម៉ូដែលនេះទៅជារថយន្តប្រភេទភីកអាប់។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Brabus បានណែនាំម៉ូដែល 800 Adventure XLP ដែលជាប្រភេទភីកអាប់នៃ G 63។ មិនឈប់ត្រឹមនោះ ក្រុមហ៊ុនជំនាញកែច្នៃរថយន្តដ៏ល្បីល្បាញនេះបានធ្វើការបញ្ចេញប្រភេទថ្មីដែលមានឈ្មោះថា 800 Adventure XLP SUPERBLACK ។
ចំពោះតួគ្រោងដើមរបស់ G 63 ត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគន្លាតកង់មុខ-ក្រោយបានកើនឡើងប្រវែង ៥០០ មីលីម៉ែត្រ។ រថយន្ត SUPERBLACK version មានទ្រុងខាងក្រោយជាមួយនឹងសម្ភារៈ Flexiteek ផ្តាច់មុខរបស់ Brabus ផងដែរ។
សំបកកង់ដែលដាក់លើរថយន្តជាប្រភេទ Off-road ម៉ាក Pirelli។ ខណៈប្រវែងគន្លាតកង់មុខ-ក្រោយ ក៏ត្រូវបានពង្រីកដោយ ១១៦ ម.ម បើប្រៀបធៀបទៅនឹង G 63 ដើម។ ផ្នែកខាងលើនៃរថយន្តត្រូវបានបំពាក់ដោយកាបោន អមដោយអំពូលភ្លើង LED ចំនួន ២ ដើម្បីជំនួយដល់ការបំភ្លឺផ្លូវ។ ក្នុងនោះ ឈុតបំពង់ស៊ីមាំងថ្មីត្រូវបានបំពាក់ដោយភ្លើង LED ពណ៌ក្រហម បង្កើតនូវឥទ្ធិពលដ៏អស្ចារ្យនៅពេលបើកបរនៅពេលយប់។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-AMG G 63 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៧៨៩ សេះ និងកម្លាំងរមួល ១,០៦១ ញ៉ូតុនម៉ែត្រ។ ជាមួយនឹងរថយន្តដែលមានទម្ងន់ជិត ៣,០០០ គីឡូក្រាម Brabus 800 Adventure XLP SUPERBLACK ចំណាយពេលត្រឹមតែ ៤,៨វិនាទីប៉ុណ្ណោះក្នុងការបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង។
ចូលទៅកាន់ផ្នែកខាងក្នុងត្រូវបានប្រើប្រាស់ជាមួយពណ៌ខ្មៅ និងបានបំពាក់ដោយស្បែកប្រណិតនៅលើកៅអី ដែទ្វា កម្រាលជើង រួមជាមួយកាបូននៅលើ Console កណ្តាល និងកន្លៃងមួយចំនួនបន្ថែមទៀត។
សម្រាប់តម្លៃរបស់រថយន្ត Brabus 800 Adventure XLP SUPERBLACK គឺមានតម្លៃ ៨១៣ ១៨៣ ដុល្លារ ដែលថ្លៃជាងរថយន្ត 800 Adventure XLP ដែលមានតម្លៃត្រឹម ៣៦៥ ៩៣២ ដុល្លារ៕