MG Linghang គឺជារថយន្ត SUV ប្រភេទ PHEV ដំបូងគេរបស់ម៉ាករថយន្ត MG នៅលើទីផ្សារប្រទេសចិន ដែលមានដាក់លក់ក្នុងតម្លៃចន្លោះពី ២៥ ៧៧២ដុល្លារ ដល់ ២៨ ៨៦២ដុល្លារ ប៉ុណ្ណោះ។
រថយន្តនេះមានបំពាក់ប្រព័ន្ធ PHEV ដែលអាចផលិតកម្លាំងសរុបបាន ២៩១សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៧វិនាទី ហើយប្រើប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។ ដោយសារតែជាប្រភេទរថយន្ត PHEV ហេតុនេះហើយវាអាចសន្សំប្រេងបានច្រើន ដោយការជិះ ១០០គីឡូម៉ែត្រ ស៊ីប្រេងត្រឹម ១,៣លីត្រ។ បន្ថែមពីនេះវាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ៧៥គីឡូម៉ែត្រ និងប្រើពេល ៥ម៉ោង ដើម្បីសាកភ្លើងពេញ។
ក្រៅពីមានប្រើប្រព័ន្ធ PHEV រថយន្ត Linghang ស៊េរីឆ្នាំ ២០២១ នេះ មិនមានចំណុចអ្វីខុសប្លែកពីប្រភេទធម្មតាខ្លាំងនោះទេ ពោលគឺមានប្រើប្រាស់ការឌីហ្សាញផ្ទាំងប៉ាណាមុខថ្មី ដែលកាន់តែទាក់ទាញ និងទាន់សម័យ។
នៅផ្នែកខាងក្នុងនៃរថយន្តក៏មើលទៅឃើញថាមានប្រណីតភាពផងដែរ ដោយមានបំពាក់នូវអេក្រង់ LCD ទំហំ ១០,១អ៊ីញ សម្រាប់ការកម្សាន្ត និងអេក្រង់ទំហំ ១២,៣អ៊ីញ សម្រាប់ជាកុងទ័រប្រភេទឌីជីថលសុទ្ធ៕