[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hycan V90 ប្រភេទ MPV អគ្គិសនីសុទ្ធ ដ៏ប្រណិត និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២១២ ម.ម ទទឹង ១ ៩៦៧ មម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៧០ ម.ម ។ រថយន្តថ្មីនេះយកការរចនាចេញពីគំរូ Concept-M ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ HYCAN ខណៈផ្នែកខាងក្រោយមានការរចនាខុសគ្នានៅលើកាងខាងក្រោយ។
ចំពោះនៅផ្នែកខាងក្នុងសង្កត់ធ្ងន់ទៅលើប្រណិតភាព និងពោរពេញដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តចំនួន ៣ និងអេក្រង់កំសាន្តទំហំធំនៅជាប់ពិដាន គាំទ្រដោយប្រព័ន្ធ Qualcomm 8155 chips ចំនួន ២ និងប្រព័ន្ធជំនួយការបើកបរកម្រិត L2+ ជាដើម ។ លើសពីនេះ ក៏បានបំពាក់ជាមួយសេនស័រចំនួន ២៤ ចំនុច និងប្រព័ន្ធសុវត្ថិភាព ADAS ដល់ទៅ ៣៧ មុខងារ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV អគ្កីសនីសុទ្ធនេះ បំពាក់ជាមួយអាគុយទំហំ ៩៥,១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ និងអាគុយទំហំ ១១៤,៩១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយការសាកថ្មល្បឿន សាកត្រឹម ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ៕