ឡាន Range Rover Sport SVR ជំនាន់ថ្មី ទំនងប្រើម៉ាស៊ីន Twin-Turbo V8 កម្លាំង ៦១៧សេះ

[ទីផ្សារបរទេស] បន្ទាប់ពីការប្រកាសចេ្រថយន្ត Range Rover ជំនាន់ទី៥ ថ្មីសន្លាងកាលពីប៉ុន្មានខែមុនមក ក្រុមហ៊ុន Land Rover ឥឡូវនេះកំពុងតែដុតដៃដុតជើង ធ្វើការលើរថយន្ត Range Rover Sport ថ្មី ដែលរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំនេះ។

ដោយសារតែវាកំពុងខិតជិតទៅដល់ថ្ងៃប្រកាសចេញ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងអំពីម៉ូដែលកម្លាំងខ្លាំង Range Rover Sport SVR ដែលទំនងជាប្រើម៉ាស៊ីន BMW M។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍ពី Autocar បានឲ្យដឹងថា Range Rover Sport SVR ទំនងប្រើម៉ាស៊ីនកម្លាំង ៦១៧សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីន BMW Twin-Turbo ចំណុះ ៤,៤លីត្រ V8 ដែលមានប្រើលើ BMW X5 M Competition។

គួរឲ្យដឹងថា រថយន្ត Range Rover Sport SVR បច្ចុប្បន្នមានប្រើម៉ាស៊ីន Supercharge ចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៦៧សេះ។ ម៉ាស៊ីនដែលមានប្រភពពីក្រុមហ៊ុន Ford នេះ ត្រូវបានប្រើប្រាស់ទាំងនៅលើរថយន្តរបស់ Land Rover និង Jaguar។

សូមបញ្ជាក់ថា រថយន្ត Range Rover Sport លក់ដាច់ជាងម៉ូដែល Range Rover ដល់ទៅជាង ៤០ភាគរយ។ ជំនាន់ថ្មីនៃម៉ូដែលនេះនឹងនៅតែប្រើគ្រោងឆ្អឹង MLA (Modular Longitudinal Architecture) ដូច Range Rover ធម្មតា ប៉ុន្តែនឹងមានទំហំខ្លួនតូចជាង ហើយមើលទៅស្ព័រជាង។

យ៉ាងណាមិញ រថយន្ត Range Rover Sport នឹងមានទាំងជម្រើសម៉ាស៊ីន Mild-hybrid, Plug-in hybrid និង SVR ខណៈម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ នឹងចេញនៅក្រោយឆ្នាំ២០២៤៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម