[ទីផ្សារបរទេស] គិតត្រឹមខែកុម្ភៈនេះ រថយន្ត Tesla Roadster របស់លោក Elon Musk បានបង្ហោះទៅក្នុងទីអវកាសបានរយៈពេលជិត៤ឆ្នាំហើយ ដោយពេលនេះវាកំពុងស្ថិតនៅចម្ងាយ ៣៧៧លានគីឡូម៉ែត្រពីផែនដី និងកំពុងតែស្ថិតនៅកៀកនឹងភពអង្គារ។
គួររំលឹកថាក្រោយការបង្ហោះចេញរថយន្តស្ព័រអគ្គិសនីនេះ វិបសាយ WhereisRoadster? ត្រូវបានបង្កើតឡើងដើម្បីចាប់ដានរថយន្តនេះ ដោយប្រើប្រាស់ទិន្នន័យរបស់អង្គការអវកាសណាសា។
វិបសាយខាងលើបានបង្ហាញថារថយន្ត Roadster បានធ្វើដំណើរចេញពីផែនដីក្នុងល្បឿន ៦០០៥គ.ម/ម៉ ខណៈដែលធ្វើដំណើរសំដៅទៅរកភពអង្គារក្នុងល្បឿន ២៧ ៩៩៥គ.ម/ម៉។ រថយន្តនេះដែរកំពុងស្ថិតនៅចម្ងាយជិត ៣២០លានគីឡូម៉ែត្រពីភពអង្គារ និងបានធ្វើដំណើរបានជាង ៣ពាន់លានគីឡូម៉ែត្រក្នុងលំហអាកាស។ បន្ថែមពីនេះវាក៏បានបង្វិលជុំព្រះអាទិត្យបានចំនួន ២,៦២ដងផងដែរ។
និយាយជាមួយសារព័ត៌មាន CNN តារាវិទូឈ្មោះ Jonathan McDowell បានឲ្យដឹងថា Tesla Roadster ប្រហែលជានៅអាចរក្សាទ្រង់ទ្រាយដើមរបស់ខ្លួនបាន ប៉ុន្តែក៏ប្រហែលជារងការខូចខាតដោយសារការប៉ះទង្គិចជាមួយអាចម៌ផ្កាយមួយចំនួន។
គួរដឹងថារថយន្តស្ព័រអគ្គិសនីនេះបានហោះទៅកៀកភពអង្គារបំផុតគឺកាលពីឆ្នាំ២០២០ ដែលពេលនោះវាស្ថិតនៅក្នុងចម្ងាយត្រឹម ៨លានគីឡូម៉ែត្រប៉ុណ្ណោះ ពីភពអង្គារ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងហោះកៀកភពណាមួយម្ដងទៀតនៅឆ្នាំ២០៣៥ មុនការហោះមកកៀកផែនដីនៅឆ្នាំ២០៤៧ និងឆ្នាំ២០៥០៕