ឡាន Sedan ប្រណីតផុតលេខរបស់ BMW ទាំងប្រភេទសាំង និងអគ្គិសនីសុទ្ធ លក់តម្លៃដូចគ្នានៅប្រទេសមួយនេះ

[ទីផ្សារបរទេស] នៅទីផ្សារសហរដ្ឋអាមេរិកក៏ដូចជាទីផ្សារមួយចំនួនទៀត រថយន្ត BMW i7 និងរថយន្ត BMW 7-Series បានដាក់លក់ក្នុងតម្លៃខុសគ្នា ប៉ុន្តែនៅប្រទេសកាណាដាឯណោះវិញ រថយន្តទាំងពីរបានដាក់លក់ក្នុងតម្លៃដូចគ្នាបេះដាក់តែម្ដង។

ជាក់ស្ដែងរថយន្ត BMW i7 xDrive60 និងរថយន្ត BMW 760i xDrive មានដាក់លក់ក្នុងតម្លៃប្រមាណ ១១៤ ៥០៥ដុល្លារ នៅទីផ្សារប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយរបស់ Autonews Canada។ ដោយឡែកនៅសហរដ្ឋអាមេរិក BMW i7 xDrive60 មានតម្លៃចាប់ពី ១១៩ ៣០០ដុល្លារ និង BMW 760i xDrive មានតម្លៃ ១១៣ ៦០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា i7 xDrive60 មានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងបាន ៥៣៦សេះ ចំណែកឯរថយន្ត 760i xDrive មានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៣៦សេះ ដូចគ្នា។ យ៉ាងណាក្ដី ការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ រថយន្តប្រើម៉ាស៊ីនសាំងប្រើពេល ៤,២វិនាទី ឯរថយន្តអគ្គិសនីវិញប្រើពេល ៤,៥វិនាទី។

ក្រៅពីប្រភេទ 760i xDrive នៅសហរដ្ឋអាមេរិករថយន្ត BMW 7-Series ក៏មានជាប្រភេទ 740i xDrive ផងដែរដែលមានតម្លៃចាប់ពី ៩៣ ៣០០ដុល្លារ ដែលចាប់ផ្ដើមលក់លើទីផ្សារក្នុងត្រីមាសទីបួន នៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម