ឡានប្រភេទ Plug-in hybrid របស់ក្រុមហ៊ុន Dongfeng អាចជិះបាន ២៦២ គីឡូម៉ែត្រមិនចាំបាច់ប្រើសាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Voyah ស្ថិតក្រោមក្រុមហ៊ុន Dongfeng Motor បានធ្វើការប្រកាសថា រថយន្ត Chasing Light EREV ប្រភេទ plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ៣៥ ៣៧៤ ដុល្លារ ដល់ ៣៨ ៨៧២ ដុល្លារ បានទទួលការកក់ទុកមុនដល់ទៅ ១០ ០០០ គ្រឿងក្នុងរយៈពេល ៥ ម៉ោង នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅគ្រោងឆ្អឹងធ្វើអំពីដែលមានភាពរឹងមាំខ្លាំង មានប្រវែងតួខ្លួនសរុប ៥ ០៨៨ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ២៤៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយការគ្រវាសជើង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាឡូមានបំពាក់អេក្រង់រួមបញ្ចូលគ្នាចំនួន ៣ ប្រវែង ១,៤ ម៉ែត្រ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ៤ ទីតាំង ដំបូលកញ្ចក់ panoramic sunroof ជាដើម ។

ដំណើរការដោយ plug-in hybrid ចំណុះ ១,៥ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២៣ សេះ ផ្គួបជាមួយអាគុយទំហំ ៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៦២ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២៦០ គីឡូម៉ែត្រនៅសាកថ្ម និងចាក់សាំងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម