[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Omoda C5 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសវៀតណាម ជាមួយតម្លៃលក់ចាប់ពី ២៣ ១៧៩ ដុល្លារ ដល់ ២៦ ៣២៨ ដុល្លារ ។
Chery Omoda CS ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាគ្មានស៊ុមទំហំធំ ចង្កៀងមុខ-ក្រោយ full-LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ភ្លោះរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តទមហំសរុប ២០,៥០ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕