ឡាន SUV អគ្គិសនីខ្នាតតូចថ្មីរបស់ Geely លក់តម្លៃតែជាង ៩ពាន់ដុល្លារ លើទីផ្សារប្រទេសចិន

ម៉ាករថយន្ត Geometry ដែលជាម៉ាកដាក់ដំណើរការដោយក្រុមហ៊ុន Geely កាលពីឆ្នាំ២០១៩ បានបង្ហាញចេញរថយន្តថ្មីមួយមានឈ្មោះថា EX3 ដែលជា SUV អគ្គិសនីខ្នាតតូចសម្រាប់លក់លើទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពីប្រមាណ ៩ ២០០ដុល្លារ។

រថយន្តនេះមានទំហំប្រវែង ៤០០៥ម.ម មានទទឹង ១៧៦០ម.ម មាន​កម្ពស់ប្រវែង ១៥៧៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺប្រវែង ២៤៨០ម.ម។ ទោះបីជារថយន្តខ្នាតតូច ប៉ុន្តែក្រុមហ៊ុនអះអាងថាផ្នែកខាងក្នុងមានទំហំទូលាយអាចផ្ទុកមនុស្សបានចំនួន៥នាក់ និងមានឃ្លុបដាក់ឥវ៉ាន់តូចៗចំនួន ២៦កន្លែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាបឡូមានបំពាក់ដោយកុងទ័រឌីជីថលដែលមានទំហំ ១០,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ។ ប្រព័ន្ធកម្សាន្ត G-Link របស់ Geely មានបញ្ចូលសេវាកម្មចម្រៀង QQ, ប្រព័ន្ធបង្ហាញផ្លូវ Autonavi, វិទ្យុ Ximalaya, មុខងារបញ្ជាដោយសំឡេង និង Wi-Fi ជាដើម។

រថយន្ត EX3 នេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំង ៩៤សេះ ជាមួយរយៈចម្ងាយបើកបរប្រមាណ ៣២២គីឡូម៉ែត្រ ហើយ​វា​អាចសាក​ភ្លើងពី ០ ឡើងដល់ ៨០% ដោយប្រើប្រាស់ដុំសាកល្បឿនលឿន ចំណាយពេលមិនដល់ ៣០នាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម