នៅពេលដែលរថយន្ត Suzuki Jimny បានបង្ហាញខ្លួនកាលពីឆ្នាំ២០១៨ មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ប្រភេទតួវែង ទ្វារ៥ ក៏នឹងបង្ហាញខ្លួនដែរ។
យោងតាមដំណឹងចុងក្រោយបង្អស់ពីគេហទំព័រ Autocar India បានឲ្យដឹងថា គម្រោងរថយន្ត Suzuki Jimny ទ្វារ៥ នៅទីបំផុតទទួលបានភ្លើងបៃតងហើយ ដោយវានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នាពេលខាងមុខនេះតែម្តង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Jimny តួវែងនោះ នឹងមានទ្វារ៥ ហើយមានប្រវែងកង់មុខទៅកង់ក្រោយ វែងជាងប្រភេទទ្វារ៣ ធម្មតា ៣០០មីល្លីម៉ែត្រ។
ជាលទ្ធផល Jimny តួវែង នឹងមានតួខ្លួនសរុប ៣,៨៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥៥ម៉ែត្រ ធ្វើឲ្យកាប៊ីនខាងក្នុង និងកន្លែងដាក់ឥវ៉ាន់របស់វាកាន់តែធំទូលាយ។
យ៉ាងណាមិញ គេរំពឹងថា រថយន្ត Jimny តួវែង នឹងប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ naturally aspirated ជាមួយនឹងបច្ចេកវិទ្យា 12V mild-hybrid ព្រមទាំងប្រើប្រាស់គ្រោងឆ្អឹង body-on-frame និងបំពាក់ប៉ុងពីរមកស្តង់ដារទៀតផង៕