[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបង្កើនការលក់រថយន្តដែលផលិតនៅប្រទេសចិនបានជិតបីដង កាលពីខែសីហាកន្លងទៅ ក្រោយពីមានការបង្កើនការផលិតនៅរោងចក្រក្នុងទីក្រុងសៀងហៃរបស់ខ្លួន។
សមាគមន៍រថយន្តចិនបានបង្ហាញថា Tesla បានលក់រថយន្តដែលផលិតនៅចិនបានសរុប ៧៦ ៩៦៥គ្រឿង ក្នុងខែសីហា និងបាននាំរថយន្ត Model 3 ជាមួយ Model Y ចំនួន ៤២ ៤៦៣គ្រឿង ចេញទៅទីផ្សារបរទេសផងដែរ។ តួលេខនេះមានការកើនឡើង បើធៀបនឹងចំនួន ២៨ ៧១៧គ្រឿង និងចំនួននាំចេញ ១៩ ៧៥៦គ្រឿង ដែលទទួលបានកាលពីខែកក្កដា។
តាមរយៈការបង្កើនការផលិតនៅសៀងហៃ Tesla អាចកាត់បន្ថយរយៈពេលរង់ចាំសម្រាប់ការដឹកជញ្ជូនរថយន្តជូនអតិថិជននៅប្រទេសចិនបានរហូតដល់ ១៤សប្ដាហ៍ជាអតិបរមា។ អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើរថយន្ត Model Y ប៉ុងក្រោយ អាចទទួលបានរថយន្ត១ខែក្រោយពីការទម្លាក់ការកុម្ម៉ង់។
គួរដឹងថាទីផ្សាររថយន្តចិនជារួម មានសន្ទុះកើនឡើងខ្លាំងកាលពីខែសីហា ដោយមានរថយន្តលក់ចេញសរុប ១,៩លានគ្រឿង កើនឡើង ២៨,៤% ធៀបនឹងឆ្នាំ២០២១ ក៏ដោយសារការផ្ដល់ការអនុគ្រោះលើការយកពន្ធ។ ក្នុងនោះដែរ រថយន្តអគ្គិសនីមានចំណែក ២៨% នៃការលក់ ហើយរថយន្តដែលនាំចេញទៅក្រៅប្រទេសមានការកើនឡើង ៧៧,៥% ធៀបនឹងខែកក្កដា៕