[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck ស៊េរីឆ្នាំ២០២៤ អាចនឹងបង្ហាញវត្តមានលើដងផ្លូវនៅសហរដ្ឋអាមេរិក នៅអំឡុងចុងឆ្នាំក្រោយនេះ រយៈពេលពីរឆ្នាំក្រោយការសន្យាលើកដំបូងរបស់នាយកប្រតិបត្តិក្រុមហ៊ុន។
លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla បានបញ្ជាក់ឲ្យដឹងថាការឌីហ្សាញចុងក្រោយរបស់ Cybertruck បានសម្រេចហើយ ហើយលោកបន្ថែមថាការផលិតរថយន្តភីកអាប់អគ្គិសនីនេះអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែលអាចសន្និដ្ឋានបានថាអតិថិជននឹងទទួលបានរថយន្តចាប់ពីអំឡុងចុងឆ្នាំ។
កាលពីខែសីហា ឆ្នាំ២០២១ មានការប៉ាន់ស្មានថា Tesla ទទួលបានការកុម្ម៉ង់ចំនួន ១,២៥លានគ្រឿង សម្រាប់រថយន្ត Cybertruck ដែលការកុម្ម៉ង់តម្រូវឲ្យកក់ប្រាក់ ១៥០ដុល្លារ មានន័យថាក្រុមហ៊ុនទទួលបានដើមទុន ១៨៧,៧លានដុល្លារ ស្រេចបានទៅហើយ។
ការចេញលក់រថយន្ត Cybertruck បានពន្យារពេលអស់ច្រើនលើកមកហើយ ចាប់តាំងពីរថយន្តនេះបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជា Concept កាលពីឆ្នាំ២០១៩ ដោយការដឹកជញ្ជូនដំបូងរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយមកការផលិតត្រូវលើកពេលទៅឆ្នាំ ២០២២៕