លោក Elon Musk បានបង្ហាញឲ្យដឹងថា រថយន្តអគ្គិសនី Tesla Model S Plaid សម្រាប់លក់ ធម្មតាមួយគ្រឿង បានបើកបរជុំវិញទីលាន Nurburgring ដ៏ល្បី ដោយប្រើពេលត្រឹមតែ ៧ នាទី និង ៣០,៩០ វិនាទីប៉ុណ្ណោះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមធ្វើតេស្តរថយន្ត Model S Plaid នៅ Nurburgring កាលពី ២ឆ្នាំមុន ហើយឥឡូវនេះក៏បានចេញផ្សាយនូវថេរវេលាផ្លូវការរបស់ខ្លួន។ បើតាមរូបថតដែលត្រូវបានបង្ហោះដោយលោក Musk នៅលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញពីថេរវេលា ដែល Model S Plaid ប្រើគឺ ៧ នាទី និង ៣០,៩០វនាទី និង ៧ នាទី និង ៣៥,៥៧ វិនាទី។
តាមរយៈថេរវេលាខាងលើនោះ ៧ នាទី និង ៣០,៩០វនាទី ត្រូវបានប្រើសម្រាប់ផ្លូវចម្ងាយ ២០,៦គីឡូម៉ែត្រ (១២,៨ម៉ាយ៍) ខណៈពេលដែល ៧ នាទី និង ៣៥,៥៧ វិនាទី ត្រូវបានប្រើសម្រាប់ផ្លូវចម្ងាយ ២០,៨៣គីឡូម៉ែត្រ (១២,៩៤ម៉ាយ៍) ដែលជាទូទៅត្រូវបានគេប្រើច្រើនជាង ចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េស។ តាមធម្មតា ចំពោះផ្លូវដែលឆ្ងាយជាងនោះ គេតែងតែចំណាយពេលយូរជាង ពី ៤ ទៅ ៦វិនាទី។
គួរឲ្យដឹងដែរថា ថេរវេលា ៧ នាទី និង ៣០,៩០វនាទីរបស់ Tesla Model S Plaid នៅលើផ្លូវចម្ងាយខ្លីនៃ Nurburgring បានបំបែកកំណត់ត្រា រថយន្តអគ្គិសនី Porsche Taycan Turbo ដែលចំណាយពេល ៧ នាទី និង ៤២,៣ វិនាទី នៅលើផ្លូវ ២០,៦គីឡូម៉ែត្រ ក្នុងឆ្នាំ២០១៩។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីលោក Musk បានឲ្យដឹងថា រថយន្ត Model S Plaid ដែលបានប្រើនោះ គឺ សំណុំដើមពីរោងចក្រតែម្តង និងគ្មានការកែកុនអ្វីឡើយ។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា រថយន្ត Model S Plaid ដែលមានការកែកុនលើ Aero Surfaces, ហ្វ្រាំង Carbon Brakes និង សម្បកកង់ Track Tires ក៏នឹងត្រូវធ្វើតេស្តលើ Nurburgring ដែរ ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla មិនទាន់បានបង្ហាញវីដេអូនៃការរត់របស់ Model S Plaid ខាងលើឡើយ៕