គិតមកទល់ពេលនេះវាមានរយៈពេល ៣ឆ្នាំហើយ ដែល Tesla បានបង្ហាញចេញរថយន្ត Roadster ជំនាន់ទីពីរ ដែលរថយន្តនេះដើមឡើយត្រូវបញ្ចេញលក់នៅឆ្នាំ២០២១នេះ ប៉ុន្តែត្រូវបានពន្យារពេលចេញលក់រហូតដល់ឆ្នាំ២០២២។
យ៉ាងណាក្ដី នាពេលនេះមានរថយន្ត Roadster មួយគ្រឿងកំពុងដាក់បង្ហាញនៅសារៈមន្ទីរ Petersen Automotive ដោយមានលក្ខណៈសម្បត្តិអស្ចារ្យបំផុត គឺអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ១,១វិនាទី នៅពេលដែលរថយន្តនេះបំពាក់នូវ Option ឈ្មោះថា SpaceX។
ទាក់ទងនឹងសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Roadster SpaceX នេះដែរ ក៏មានការអះអាងផ្ទាល់ពីលោក Elon Musk ថាសមត្ថភាពរបស់វាពិតជាខ្លាំងបែបនេះមែន។ លោកបានបញ្ជាក់ថា Roadster SpaceX នឹងប្រើប្រាស់កម្លាំងខ្យល់ត្រជាក់ ផ្គួបនឹងឧបករណ៍រុញច្រានបង្កប់នៅខាងក្រោយកន្លែងដាក់ផ្លាកលេខរថយន្ត ជួយឲ្យរថយន្តនេះស្ទុះក្នុងល្បឿនដ៏លឿនមហាសាល។ បើគ្មាន SpaceX នេះរថយន្ត Roadster អាចស្ទុះដោយប្រើពេល ១,៩វិនាទីផងដែរ។
រថយន្ត Tesla Roadster នេះត្រូវបានលោក Elon Musk អះអាងថាវាអាចបើកបរបានចម្ងាយដល់ ៩៩៨គីឡូម៉ែត្រសម្រាប់ការសាកភ្លើងពេញម្ដង ហើយតម្លៃរបស់វាគឺមានចាប់ពីប្រមាណ ២០ម៉ឺនដុល្លារឡើង៕