រថយន្ត Toyota Harrier ជំនាន់ថ្មីដែលទទួលបានការគាំទ្រខ្លាំងបំផុតពេលចេញលក់នៅប្រទេសជប៉ុនកាលពីឆ្នាំ ២០២០ នាពេលនេះចាប់ផ្ដើមមានដាក់លក់នៅទីផ្សារអាស៊ីអាគ្នេយ៍ហើយ ដែលចាប់ផ្ដើមពីប្រទេសសិង្ហបុរីទៅ។
រថយន្ត Toyota Harrier ស៊េរីឆ្នាំ ២០២១ ដែលដាក់លក់នៅសិង្ហបុរីគឺមានចំនួនពីរប្រភេទ ដែលមានប្រភេទ Elegance និង Hybrid Luxury ដែលមានតម្លៃប្រមាណ ១២១ ០០០ដុល្លារ និងតម្លៃប្រមាណ ១៣០ ៩០០ដុល្លារ។
រថយន្តនេះមានប្រើប្រាស់នូវគ្រោងឆ្អឹងដូចជារថយន្ត Toyota RAV4 ជំនាន់ថ្មីដែរដែលជាប្រភេទ TNGA-K ដែលប្រភេទ Elegance មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៩សេះ។ ចំណែកប្រភេទ Hybrid Luxury ប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២១៥សេះ។
បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ីរំពឹងថានឹងជាទីផ្សារបន្ទាប់នៅអាស៊ីអាគ្នេយ៍ដែល Toyota បញ្ចេញលក់រថយន្ត Harrier ដែលរថយន្តនេះដែរគឺមានការនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្ដង៕