ឡាន Tundra ស៊េរីឆ្នាំ២០២២ លក់នៅជិតកម្ពុជា តម្លៃក្បែរ ១៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីថ្មីៗនេះមានក្រុមហ៊ុននាំចូលរថយន្តឯកជននៅទីក្រុងហាណូយ ប្រទេសវៀតណាម បាន​ប្រកាសដាក់លក់រថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ប្រភេទ Limited ក្នុងតម្លៃខ្ពស់រហូតដល់ប្រមាណជិត ១៨ម៉ឺនដុល្លារ ដែលសន្យាថានឹងដឹកមកដល់ប្រទេសវៀតណាមឆាប់ៗ។

រថយន្ត Toyota Tundra Limited នេះ នៅទីផ្សារសហរដ្ឋអាមេរិកគឺមានតម្លៃចាប់ពី ៤៦ ៨៥០ដុល្លារ ដែលមានន័យថាតម្លៃនៅវៀតណាមគឺខុសគ្នារហូតដល់ជិត៤ដងឯណោះ។ Tundra ស៊េរីឆ្នាំ២០២២ដែលដាក់លក់នេះដែរគឺមានពណ៌ខាងក្រៅពណ៌ខ្មៅ ជាមួយផ្ទាំងប៉ាណាមុខជាលក្ខណៈផ្ដេកពណ៌ប្រផេះ និងមានយ៉ាន់កង់ក្រូម៉េធំផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរក៏មានបំពាក់មកជាមួយប្រព័ន្ធភ្លើង LED ទំនើប ដែលអំពូលភ្លើងមានមុខងារបិទ/បើកដោយស្វ័យប្រវត្តិ, មានប្រើប្រព័ន្ធកម្សាន្តថ្មីរបស់ Toyota, កុងទ័រជំនួយដល់ការបើកបរទំហំ ១២,៣អ៉ីញ, អេក្រង់កម្សាន្តនៅកណ្ដាលទំហំ១៤អ៉ីញ, អាចប្រើមុខងារ Apple CarPlay និង Android Auto ដោយមិនប្រើខ្សែ, មានម៉ាស៊ីនត្រជាក់ពីរតំបន់ និងមានប្រព័ន្ធសំឡេង១៤គ្រាប់ជាដើម។

គួរដឹងថា Tundra មួយម៉ូដែលនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ i-Force Twin-Turbo ដែលអាចផលិតកម្លាំង ៣៨៩សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម