ឡាន Volvo XC40 Recharge ប្រភេទ PHEV ត្រូវក្ស័យសង្ខារដោយសារប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo ផ្លូវការប្រចាំនៅប្រទេសអូស្ត្រាលីបានសម្រេចថាឈប់លក់រថយន្ត XC40 Recharge ប្រភេទ Plug-in Hybrid (PHEV) លើទីផ្សារប្រទេសអូស្ត្រាលី ក្រោយពីរថយន្តនេះចេញលក់បានមិនដល់ពីរឆ្នាំផង ដោយសារតែក្រុមហ៊ុនចង់ផ្ដោតលើរថយន្ត XC40 Recharge Pure Electric ដែលជារថយន្តអគ្គិសនីជំនួសវិញ។

ស្របពេលដែល Volvo បានប្ដេជ្ញាថានឹងធ្វើឲ្យរថយន្តអគ្គិសនីសុទ្ធមានចំណែក ៥០% នៃចំនួនលក់លើសកលលោកត្រឹមឆ្នាំ២០២៥ ប្រធានក្រុមហ៊ុន Volvo ប្រចាំនៅអូស្ត្រាលីបានកំណត់គោលដៅធ្វើយ៉ាងណាឲ្យរថយន្តអគ្គិសនីមានចំណែកលក់ ១០០% តែម្ដងនៅត្រឹមឆ្នាំ២០២៥ដូចគ្នា ដែលគោលដៅ ១០០% នេះត្រូវបានកំណត់ជាសកលលោកនៅត្រឹមឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាលើទីផ្សារអូស្ត្រាលី រថយន្ត XC40 Recharge PHEV មានតម្លៃចាប់ពីប្រមាណ ៥០ ៦៥០ដុល្លារ ដែលធូរថ្លៃជាងប្រភេទអគ្គិសនីសុទ្ធប្រមាណ ៧ ៥០០ដុល្លារ ហើយក្រោយពីរថយន្តនេះបាត់មុខ Volvo នៅអូស្ត្រាលីនឹងពង្រីកជម្រើសរថយន្ត XC40 ប្រភេទអគ្គិសនីសុទ្ធ ជាមួយជម្រើសម៉ូទ័រអគ្គិសនីមួយ ដែលត្រៀមចេញលក់នៅខែកក្កដា។

បន្ថែមពីនេះ Volvo នៅអូស្ត្រាលីក៏មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួនប្រាំក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលនាំមុខដោយរថយន្ត C40 Recharge SUV និងបន្ទាប់មកគឺរថយន្ត Embla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម