កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុន Electric Brands បានធ្វើការបង្ហាញចេញនូវរថយន្ត eBussy ក្នុងការ Render ប៉ុន្តែពេលនេះ ក្រុមហ៊ុនក៏បានបង្ហាញចេញនូវរថយន្តគំរូផ្ទាល់ ដែលមានឈ្មោះថា XBUS ដែលគ្រោងនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ ២០២២។
រថយន្តអគ្គិសនីខ្នាតតូចនេះមានប្រវែងសរុប ៣ ៦៤០ម.ម, ទទឹង ១ ៦០០ម.ម និងកម្ពស់ ១ ៩៤០ម.ម។ រថយន្តនេះអាចដឹកឥវ៉ាន់បានទម្ងន់ ៤៥០-៦០០គីឡូក្រាម ឬ ១ ០០០គីឡូក្រាម។
រថយន្ត XBUS ត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង Modular ដែលរចនាបទរូបរាងខុសៗគ្នារហូតដល់ ១០។ បន្ថែមពីនេះ ក្រុមហ៊ុនបានអះអាងថាអាចប្តូររាងជារថយន្តដឹកអ្នកដំណើរ, Panel Van, Box Van, ភីកអាប់, Wagon ភីកអាប់, បើកដំបូល និងប្រភេទ Camping ផងដែរ។
រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ផលិតកម្លាំងបាន ៧៥សេះ កម្លាំងបង្វិល ១ ០០០ញ៉ូតុនម៉ែត្រ និងមានល្បឿនអតិបរមា ១០០គ.ម/ម៉។ សម្រាប់កញ្ចប់អាគុយទំហំ ១០គីឡូវ៉ាត់ម៉ោង អាចអោយរថយន្តបើកបរបានចម្ងាយ ២០០គីឡួម៉ែត្រ និងទំហំ ៣០គីឡូវ៉ាត់ម៉ោង ផ្គួបជាថាមពលស៊ូឡា(Solar) និងប្រព័ន្ធ Energy Recuperation អាចអោយរថយន្តបើកបរបានចម្ងាយ ៦០០គីឡួម៉ែត្រ។
រថយន្តនេះមានតម្លៃចាប់ពី ២១ ៤៣១ដុល្លារ ដល់ ៣៨ ៣៩២ដុល្លារ ហើយរថយន្តនេះនឹងចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ ២០២២ នៅឯរោងចក្រក្នុងប្រទេសអាល្លឺម៉ង់៕