នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តរបស់ប្រទេសអាល្លឺម៉ង់ BMW បានបង្ហាញរថយន្ត Pickup ដំបូងបង្អស់របស់ខ្លួន និងមានតែមួយគ្រឿងគត់ ដោយច្នៃចេញពី SUV ម៉ូដែល X7។ ឡាន Pickup របស់ BMW នេះ នឹងត្រូវផលិតដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុនផ្ទាល់ គឺ Motorrad Days ។
Pickup របស់ BMW មានប្រវែងវែងជាង X7 ដល់ទៅ ១០ សង់ទីម៉ែត្រ ខណៈប្រវែងគ្រែវាគឺ ១,៤ ម៉ែត្រ (ធម្មតា) និង ២,០ ម៉ែត្រពេលទម្លាក់ទ្វារក្រោយចុះ ។ ដោយសារវាជារថយន្ត Pickup ដូច្នេះវាស្រាលជាង X7 ដល់ទៅ ២០០ គីឡូក្រាម ។ ដោយឡែក ផ្នែកខាងក្នុង វានៅតែរក្សាភាពទំនើប និង ប្រណីតដូច X7 ដែរ ហើយអាចផ្ទុកមនុស្សបាន ៥ នាក់ទៀតផង ។
BMW បានចំណាយពេលរហូតដល់ទៅ ១០ ខែដើម្បីសម្រេចបាន Pickup មួយគ្រឿងគត់នេះ ពោលគឺ BMW បានចាប់ផ្តើមមុនពេល SUV ម៉ូដែល X7 ដាក់បង្ហាញជាផ្លូវការមួយខែឯណោះ ។
សូមបញ្ជាក់ថា រថយន្ត Pickup ដំបូងបង្អស់របស់ BMW នេះ គឺជាគំរូរថយន្ត (Concept) ប៉ុណ្ណោះ មិនមានផលិតលក់ជាផ្លូវការឡើយ ៕