[ទីផ្សារបរទេស] រថយន្តអគ្គិសនីសុទ្ធ ZEEKR X ដំបូងគេដែលយកទៅលក់ក្នុងទីផ្សារអឺរ៉ុបរបស់ក្រុមហ៊ុន Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានរំកិលចេញពីរោងចក្រជាផ្លូវការនៅក្នុងប្រទេសចិន សម្រាប់ការដឹកជញ្ជូនទៅកាន់ទីផ្សារទ្វីបអឺរ៉ុបរួមមាន អាឡឺម៉ង់ ហូឡង់ និងស៊ុយអែត ដែលមានតម្លៃលក់ចាប់ពី ៦៣ ៥០០ ដុល្លារ ដល់ ៧២ ០០០ ដុល្លារ គ្រោងនឹងចាប់ផ្តើមលក់នៅឆ្នាំ ២០២៤ ។
ជាមួយគ្នានេះ ផែនការរបស់ Zeekr រួមមានការពង្រីកទៅកាន់ប្រទេសន័រវេស ដាណឺម៉ាក និងប្រទេសបារាំង ដើម្បីគ្របដណ្តប់ទីផ្សារអឺរ៉ុបសំខាន់ៗភាគច្រើននៅឆ្នាំ ២០២៦។ លើសពីនេះ យីហោរបស់ Geely ក៏មានគម្រោងចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ាក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះផងដែរ ដោយប្រទេសអ៉ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេដែល Zeekr បោះជំហានចូល ។
គួរឲ្យដឹងថា រថយន្តអគ្គិសនី ZEEKR X ជាប្រភេទ hatchback ផលិតឡើងនៅលើ SEA architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៤២៨ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕